(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តជិះកង់ឃោសនារកសំឡេងនៅតាមតំបន់នានាក្នុងស្រុកកោះធំ ខេត្តកណ្តាល។
តាមរយៈការជិះកង់នេះលោក ស៊ុន ចាន់ថុល បានចូលតាមខ្នងផ្ទះរបស់ពលរដ្ឋដោយលើកបង្ហាញពីសមិទ្ធផលជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការអភិវឌ្ឍជាតិមាតុភូមិ។
ការចុះជួបប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ លោក ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាពផងដែរ។ ប្រធានគណៈពង្រឹងការងារស្រុកកោះធំរូបនេះ បានលើកឡើងថា សុខសន្តិភាពមានតម្លៃណាស់សម្រាប់ជាតិ និងប្រជាជន ដែលត្រូវរួមគ្នាថែរក្សាឲ្យបាន។
«បើប្រទេសយើងគ្មានសុខសន្តិភាព និងគ្មានស្ថិរភាពនយោបាយដែលទទួលបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមិនអាចកសាងហេដ្ឋា រចនាសម្ព័ន្ធស្ពានថ្នល់សាលារៀន មន្ទីរពេទ្យ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងមិនអាចទាក់ទាញទេសចរណ៍មកលេងកម្ពុជាដូចសព្វថ្ងៃនេះឡើយ»។ លោក ស៊ុន ចាន់ថុល ថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋនៅពេលជិះកង់ចូលតាមខ្នងផ្ទះរបស់ពួកគាត់។
លោក ស៊ុន ចាន់ថុល បានថ្លែងអំពាវនាវទៅកាន់ប្រជាពលរដ្ឋថា ដើម្បីរក្សាបានសុខសន្តិភាព រក្សាបានការអភិវឌ្ឍជាតិ ត្រូវគិតឲ្យបានល្អិតល្អន់មុនគូសសន្លឹកឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ ជាពិសេស ត្រូវសួរខ្លួនឯងថាគណបក្សណាដែលកសាងផ្លូវ១៩ខ្សែនៅឃុំឈើខ្មៅ នៅស្រុកកោះធំ និងគណបក្សណាជាអ្នកនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយជូនសង្គមជាតិ?
លោក ស៊ុន ចាន់ថុល រំលឹកប្រជាពលរដ្ឋថា ដើម្បីបានសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ត្រូវបន្តបោះឆ្នោតជូនគណប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះ៕