(កំពត)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី «រុក្ខទិវា» ដែលរៀបចំឡើងនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
មានព្រះរាជបន្ទូលក្នុងព្រះរាជពិធីនោះ ព្រះមហាក្សត្រ បានអំពាវនាវឲ្យព្រះសង្ឃ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បន្ដការដាំដើមឈើឲ្យបានគ្រប់ប្រភេទ ព្រោះជាប្រភពធនធានធម្មជាតិដ៏ប្រសើរ ដែលមិនខ្វះបាន។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានមានព្រះបន្ទូលថា «ក្នុងឱកាសនេះដែរ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវ សូមព្រះសង្ឃគ្រប់ព្រះអង្គយកព្រះទ័យ ទុកដាក់ដាំដើមឈើគ្រប់ប្រភេទ នៅតាមទីអារាមនានា ឲ្យក្លាយទៅជាទីមនោរម្យស័ក្ដិសមជាទីដ្ឋាន សម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជន។ លើសពីនេះទៅទៀត សូមព្រះសង្ឃប្រោសប្រទានទូន្មាន តាមផ្លូវព្រះធម៌ដល់ជនានុជនគ្រប់ៗរូប ខិតខំថែរក្សាការពារព្រៃព្រឹក្សា សត្វព្រៃ បង្កលក្ខណៈឲ្យកើតកូនកើតចៅ សម្បូរសប្បាយកើនឡើង»។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលទៀតថា សូមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ខិតខំដាំដើមឈើ នៅតាមទីធ្លាអគារសាធារណៈនានា ឲ្យបានច្រើនជាអតិបរមា ដើម្បីជាទីដ្ឋានមានម្លប់ត្រជាក់ ត្រឈឹងត្រឈៃ ដល់ប្រជារាស្ដ្រយើង ហើយទន្ទឹមនឹងនេះ សហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើ ដែលអាចផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បិអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ ជីវភាពរបស់ប្រជាជន។
ព្រះអង្គបានមានព្រះរាជបន្ទូលថា ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ត្រូវចូលរួមដាំដើមឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើ ក្នុងការរក្សានិយតភាពនៃប្រភពទឹក សម្រួលធាតុអាកាសឲ្យមានប្រក្រតី ភាពអនុគ្រោះដល់ជីវិតរស់នៅ របស់មនុស្ស-សត្វ និងអំណោយផលដ៏ប្រសើរ ដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជាកសិករ។
ក្នុងឱកាសនោះ ព្រះមហាក្សត្រខ្មែរ ក៏បានអរគុណចំពោះប្រទេសជាមិត្ដ អង្គការអន្ដរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលបាន និងកំពុងយកចិត្តទុកដាក់ជួយ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការដាំថែរក្សា និងការពារធនធានព្រៃឈើ ដែលជាកត្ដាសំខាន់ដល់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។
ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលទៀតថា «ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងបងប្អូនកូនចៅ ជនរួមជាតិដែលបានខិតខំប្រឹងប្រែងអនុវត្ដគោលនយោបាយ ដាំ ថែរក្សា ការពារព្រៃឈើយ៉ាងសស្រាក់សស្រាំ ជាក្ដីសង្ឃឹមដ៏កក់ក្ដៅជាទីបំផុតរបស់ជាតិយើង»។
សូមជម្រាបថា ទិវា «រុក្ខទិវា» ឆ្នាំ២០១៨នេះ កូនឈើគ្រប់ប្រភេទរួមមានដូចជា៖ ធ្នង់ កកោះ គីនីន ក្រញូង បេងចំនួន១២៥០០ដើម ត្រូវបានដាក់ដាំលើផ្ឋៃដីចំនួន១០ហិកតា៕