(ពោធិ៍សាត់)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែក្សៃជីវិត ដោយសារផ្លែកាំបិតនៃកណ្ដាប់ដៃរបស់កូនប្រុសរមិលគុណម្នាក់ នៅគ្រាដែលទំនាស់ពាក្យសម្ដីបន្តិចបន្តួច ពេលលោកកូនរូបនោះ ត្រឡប់មកពីផឹកស៉ីស្រវឹងជោគជាំ ពីខាងក្រៅផ្ទះ។
ហេតុការណ៍អំពើហិង្សាក្នុងសហព័ទ្ធខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចអណ្ដូងច្រុះ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
របាយការណ៍នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងរបួសឈាមស្រោចខ្លួនឈ្មោះ ងួន គិត ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុខាងលើ។ បុរសវ័យចំណាស់មានស្នាមរបួស ដាច់រយាស់សាច់ សង្ស័យដោយវត្ថុរឹងមុតចំនួន៤កន្លែង ចំផ្ងាស១កន្លែង ចំចិញ្ចើមមខាងឆ្វេង១កន្លែង ចំថ្ពាល់ខាងឆ្វេង១កន្លែង និងចំសៀតផ្កាខាងឆ្វេង១កន្លែងទៀត ហើយបានបញ្ជូន ទៅសង្រ្គោះភ្លាមៗផងដែរ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។
ក្នុងរបាយការណ៍ឲ្យដឹងបន្តទៀតថា ចំពោះលោកកូនរមិសគុណ ដែលផឹកស៊ីស្រវឹងជោគជាំនៅក្រៅផ្ទះ ហើយឈានដល់បង្កអំពើហិង្សា ក្នុងសហព័ទ្ធ (កាប់ឪពុកបង្កើត) មានឈ្មោះ គិត តាលី ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ឃុំជាមួយគ្នា ហើយអាជ្ញាធរមានសមត្ថកិច្ចនគរបាលមូលដ្ឋាន បាននាំយកមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕