(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកហើយ ដែលគណបក្សនយោបាយចំនួន២០ បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ គណបក្សប្រជាជនកម្ពុជា បានសម្តែងឲ្យឃើញនូវភាពខ្លាំងជាបក្សធំជាងគេ និងនាំមុខគេដដែល។ ក្នុងកម្មវិធីបើក យុទ្ធនាការឃោសនាថ្ងៃដំបូង នៅកោះពេជ្រក្នុងរាជធានីភ្នំពេញ គណបក្សដឹកនាំដោយ សម្តេច ហ៊ុន សែន មាន
អ្នកចូលរួម ៦ម៉ឺននាក់ដោយមាន រៀបចំក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេងបំផុត។ នៅតាមបណ្តាខេត្ត ក៏គណបក្សកាន់អំណាចមួយនេះបាននាំមុខដែលមានអ្នកចូលរួមច្រើនបំផុតដែរ។ យ៉ាងនេះក៏ដោយ ក៏មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែល មិនចង់ឃើញភាពស្ងប់សុខរបស់ពលរដ្ឋនៅតែឆ្លៀតឱកាសបន្តុះបង្អាប់ គណបក្សប្រជាជនកម្ពុជា ដោយពួកគេលើកឡើងថា មិនសូវឃើញមានអ្នកសាទរតាមដងផ្លូវ។ ហើយពួកគេសន្និដ្ឋានថា ប្រជាជនមិនសូវគាំទ្រការបោះឆ្នោតនេះទេ។ នេះជាការវាយតម្លៃដោយភាន់ច្រឡំធំតាមរបៀបឃើញទឹកស្ងប់ថាអត់មានត្រី។
សម្រាប់ក្រុមអ្នកតាមដាន នយោបាយមួយចំនួន នៅប្រទេសកម្ពុជា ការលើកឡើងបែបនេះ គឺជាចេតនាអាក្រក់ពីសំណាក់ អ្នកដែលមិនចង់ឃើញភាពសុខសាន្តរបស់ខ្មែរតែប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលជាការពិតហើយ ដែលពួកគេគួរយល់ដឹងគឺ គណបក្សប្រជាជនកម្ពុជា គឺជាបក្សចាស់ទុំជាងគេនៅក្នុងឆាកនយោបាយ ដែលបានកាន់អំណាចជិត ៤០ ឆ្នាំមកហើយ។ ក្នុងនាមជាបក្សកាន់អំណាច ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា គឺជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ខុសពីក្រុមប្រឆាំង ដែលចូលចិត្តធ្វើបាតុកម្មរំខាន ដល់ការ ប្រកបរបររកស៊ីរបស់អ្នកដទៃ ឬបង្កឲ្យកកស្ទះចរាចរណ៍ និងពេលខ្លះនាំគ្នាបិទផ្លូវធ្វើឲ្យរំខាន អ្នកធ្វើដំណើរពេញមួយព្រឹកឬពេញមួយថ្ងៃក៏មានជាពិសេស គឺប្រើវោហាសាស្ត្រញុះញង់ ឱ្យមានអំពើហឹង្សា ការដុតកំហឹងពូជសាសន៍ ការលាបពណ៍ ។ល។ ផ្ទុយទៅវិញ ភាពចាស់ទុំរបស់បក្សកាន់អំណាចគឺអាចរក្សាភាពស្ងប់សុខជូនពលរដ្ឋឲ្យបាន។
ចំណែកអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ក៏ខុសគ្នាពីអ្នកគាំទ្របក្សប្រឆាំងដែរ។ ខុសគ្នាត្រង់អ្នកគាំទ្របក្សកាន់អំណាចមានភាពចាស់ទុំ ដោយពួកគេមិនបង្កភាព រំជើបរំជួល មិនចូលចិត្តស្រែកឡូឡា មិនបង្កហិង្សារញ៉េរញ៉ៃ និងមិនធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈឡើយ។ បើត្រូវចូលរួមហែបក្សក៏ធ្វើឡើងដោយភាពចាស់ទុំដែរ។ ចំណែកអ្នក មិនបានទៅចូលរួម ពួកគេនៅ ប្រកបការងារតែរៀងៗខ្លួន ដោយមិនចាំបាច់បង្ហាញកាយវិការពុះកញ្ជ្រោលអ្វីឡើយ ពោលគឺពួកគេចូលចិត្តយកភាព ស្ងប់ស្ងាត់ជាធំ។ចាំដល់ថ្ងៃបោះឆ្នោត ក៏ដើរទៅគូសសន្លឹកឆ្នោត រួចដាក់ក្នុងហឹបឆ្នោត ហើយត្រឡប់មកផ្ទះវិញ ជាការស្រេច។
ភាពស្ងប់ស្ងៀមរបស់អ្នកគាំទ្រ បក្សប្រជាជន គឺដោយសារ ទី១៖ ពួកគេធ្លាប់គាំទ្រគណបក្សនេះជិត ៤០ឆ្នាំមកហើយ ដូច្នេះពួកគេដឹងចិត្ត ដឹងថ្លើម គ្នាយ៉ាងច្បាស់លាស់ ដោយមិនចាំបាច់បញ្ចេញកាយវិការ ឬសំឡេងស្រែកហ៊ោកញ្ចៀវដូចកូនក្មេងឡើយ។ ទី២៖ ពួកគេគិតថា គណបក្សរបស់ខ្លួន នឹងបន្តឈ្នះឆ្នោតដឹកនាំប្រទេសរយៈពេលយូរតទៅទៀតពីព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ ត្រូវការគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាចាំបាច់ជាពិសេស គឺវត្តមាន និងតម្រូវការចាំបាច់ខ្វះបាននូវ សម្តេច ហ៊ុន សែន បន្តធ្វើជានាយករដ្ធមន្ត្រី
ដោយគ្មានអ្នកណាមកជំនួសបានឡើយ។ ទី៣៖ ជ័យជំនះរបស់គណបក្សមួយ គឺអាស្រ័យទៅលើការគូសសន្លឹកឆ្នោតគាំទ្រក្នុងបន្ទប់បិទជិត គឺមិនមែន បានមកដោយការស្រែកឡូឡាតាមដងផ្លូវឡើយ។
មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ប្រកាន់យកភាពស្ងប់ស្ងាត់ ក្នុងនាមជាបក្សចាស់ទុំ ដែលខុសពីបក្សប្រឆាំង។ រីឯអ្នកគាំទ្របក្សប្រជាជនក៏មានភាព ចាស់ទុំខុសពីអ្នកគាំទ្របក្សប្រឆាំងដែរ។ ភាពចាស់ទុំនេះហើយដែលអាចរក្សាបាននូវភាព សុខដុមរមនារបស់សង្គមយើងមកទល់នឹងសព្វថ្ងៃ។ ភាពចាស់ទុំនេះហើយដែលធ្វើឲ្យបក្សប្រជាជនឈ្នះឆ្នោតជាដរាបមក។ ភាពចាស់ទុំនេះហើយដែលធ្វើឲ្យប្រទេសជាតិ មានសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាអាចរក្សាលំនឹងជីវភាពរបស់ ប្រជាជនបានយ៉ាងល្អ។
អ្វីដែលជាការកត់សម្គាល់ដែរ នោះគឺ គណបក្សនយោបាយ ១៩ ទៀត ដែលកំពុងប្រកួតរកសំឡេងឆ្នោតពេលនេះក៏ប្រកាន់យកភាពចាស់ទុំក្នុងការធ្វើនយោបាយដែរ។ គ្មានបក្សណាមួយដើរតាមលំអានរបស់អតីតបក្សសង្គ្រោះជាតិដែលចូលចិត្តយកភាពឈាមរាវ កំហឹង គំនុំ និងការញុះញង់បំបែកបំបាក់មកធ្វើជាគោលការណ៍ឡើយ។ នេះគឺជាមូលហេតុដែលធ្វើឲ្យការបោះឆ្នោតលើកនេះ បានផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគទុនទាំងក្នុង និងក្រៅស្រុក។ ខុសពីលើកមុន ដែលពួកគេតែងភ័យបារម្ភ នៅពេលបោះឆ្នោតដោយសារ មានបក្សក្រឡុក តែឥឡូវអ្វីៗបាន ដំណើរការទៅជាធម្មតា ដោយគ្មានការព្រួយបារម្ភឡើយ។ នេះហើយជាលទ្ធផលវិជ្ជាមានដែលកើតឡើងពីភាពចាស់ទុំរបស់អ្នកនយោបាយ។
ទោះយ៉ាងណា ពួកធ្លាប់ក្រឡុកសភាពការណ៍ពេលបោះឆ្នោត និងក្រោយបោះឆ្នោត មិនសប្បាយចិត្តនឹងឃើញដំណើរការបោះឆ្នោតមានភាព ស្ងប់ស្ងាត់ និងសុខសាន្តបែបនេះទេ។ ពួកគេឆ្លៀតឌឺដងឲ្យគេថា មិនសូវមានប្រជាជនគាំទ្រទៅវិញ។ ទន្ទឹមនឹងនោះ ពួកគេក៏កំពុងបន្តរៀបចំផែនការអុកឡុកបំផ្លាញការបោះឆ្នោតតាមគ្រប់រូបភាព។ ប៉ុន្តែ ភាពចាស់ទុំគឺតែងតែទទួលបានជ័យជំនៈ។ គណបក្សដែលមានភាពចាស់ទុំ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋដូចគណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសមិនអាចខ្វះបាន។ ចំណែកគណបក្សដែលនាំតែរឿងក្តៅក្រហាយជួបនឹងក្តីវិនាសនៅទីបំផុត។
សូមចងចាំថា «ទឹកស្ងប់មិនមែនមានន័យថា គ្មានត្រីនោះឡើយ»! ដោយសារតែការវាយតម្លៃ សភាពការណ៍ច្រឡំរហូត បែបនេះហើយ បានជាធ្វើនយោបាយចាញ់រហូត គឺចាញ់គ្មានថ្ងៃងើបមុខរួចឡើយ៕
ដោយ៖ អ្នកវិភាគសង្គមនយោបាយកម្ពុជា