(អ៊ីស្ដង់ប៊ូល)៖ ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់ រថភ្លើងរអិលធ្លាក់ផ្លូវកាលពីថ្ងៃអាទិត្យ នៅឯភាគពាយ័ព្យប្រទេសតួកគី មានរហូតដល់ ២៤នាក់ ខណៈមនុស្ស៧៣នាក់ទៀង រងរបួសធ្ងន់ និងស្រាល។ នេះបើតាមសម្តីឧបនាយករដ្ឋមន្ត្រីតួកគី លោក រ៉េសិព អាកដាក (Recep Akdag) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
កាលពីដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់ និង ៧៣នាក់រងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនៅខេត្ត ទែគឺដាក (Tekirdag) ភាគពាយ័ព្យនៃប្រទេសតួកគី។ ដោយឡែកសារព័ត៌មាន CNN ជាភាសាតួកគី ក៏បានឱ្យដឹងដែរថា ទូររថភ្លើងចំនួន០៥បានរអិលធ្លាក់ផ្លូវ ហើយថារថភ្លើងខាងលើនេះបានដឹកមនុស្ស ៣៦០នាក់។
គួរបញ្ជាក់ថា បើតាមអភិបាលខេត្ត Tekirdag លោក ម៉េហ៍ម៉េត សីឡាន (Mehmet Ceylan) គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនេះ កើតឡើងដោយសារ តែភ្លៀងធ្លាក់ខ្លាំងដែលបង្កជាគ្រោះរអិលបាក់ដី។ រថភ្លើងនេះមានគោលដៅធ្វើដំណើរចេញពីខេត្ត អេដឺណេ (Edirne) ស្ថិតនៅក្បែរព្រំដែនរវាង តួកគី ប៊ុលហ្ការី និងជាផ្លូវឆ្ពោះទៅកាន់ទីក្រុងអ៊ីស្ដង់ប៊ុល៕