(ភ្នំពេញ)៖ ក្នុងឱកាសបើកយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ អាណត្ដិទី៦ លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារ ចុះជួយខណ្ឌសែនសុខ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដានេះ បានចុះសំណេះសំណាលជាមួយប្រជាជន និងសមាជិកបក្ស នៅតាមខ្នងផ្ទះ ដែលរស់នៅក្នុងភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឲ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា។
ព្រមជាមួយគ្នានោះ លោក ម៉ម ប៊ុនហេង ក៏បានណែនាំអំពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ បន្ថែមពីនោះ លោកបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោត។
លោក ម៉ម ប៊ុនហេង បានពន្យល់ពីកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣របស់គណបក្សប្រជាជនកម្ពុជា ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ ជូនចំពោះប្រជាជនដោយផ្ទាល់នៅតាមខ្នងផ្ទះនីមួយៗ។
ក្នុងឱកាសនោះ បងប្អូនប្រជាជននៅក្នុងសង្កាត់ទឹកថ្លា ពួកគាត់ក៏បានគាំទ្រ និងអរគុណដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រធាន ដែលតែងតែខិតខំប្រឹងប្រែង ទាំងយប់ថ្ងៃ ដើម្បីរកយុទ្ធសាស្ដ្រ ក្នុងការរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែប្រសើរ ពិសេសបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការស្វែងរកដៃគូវិនិយោគិនពីក្រៅស្រុក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឲ្យសម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ប្រកបដោយចីរភាព និងកាត់បន្ថយអត្រាភាពក្រីក្រផងដែរ ៕