Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា និងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឧបត្ថម្ភគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកភាសាចិន នៅស្រុកកំពង់ត្រាច

09-07-2018 13:08

(កំពត)៖ សាលាគាក ឃួន កំពង់ត្រាច ដែលជាសាលាបង្រៀនភាសាចិនមួយ នៅស្រុកកំពង់ត្រា ខេត្តកំពត ទទួលបានការឧបត្ថម្ភ ជាសាច់ប្រាក់ចំនួន ៤៤,០០០ដុល្លារអាមេរិក ពីសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត សម្រាប់ជាថវិកាក្នុងការកសាងបន្ទប់សិក្សា៤បន្ទប់ ដើម្បីដោះស្រាយបញ្ហាកង្វះខាតបន្ទប់សិក្សាដល់សិស្សានុសិស្សនៅទីនោះ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។

លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាប្រធានអង្គការ មូលនិធិ សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត និងក្រុមការងារបានធ្វើដំណើរ មកដល់សាលារៀនគាក ឃួន កំពង់ត្រាច ទស្សនកិច្ចស្វែងយល់អំពីស្ថានភាពសាលា និងការអប់រំភាសាចិននៅទីនោះ លោកបាននាំយកថវិកា ឧបត្ថម្ភខាងលើប្រគល់ជូនដល់ សាលារៀនផ្ទាល់។

សូមបញ្ជាក់ថា សាលារៀនភាសាចិនគាក ឃួន កំពង់ត្រាច ត្រូវបានបង្កើតទ្បើងនៅឆ្នាំ១៩២៤ ជាសាលាបណ្តុះបណ្តាលជំនាញភាសាចិន នៅខេត្តកំពត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមខ្មែរចិន ស្រុកកំពង់ត្រាច។ បច្ចុប្បន្ននេះ សាលាមានសិស្សសរុបចំនួន១,៦៣០នាក់ និងមានបន្ទប់សិក្សាចំនួន២៥បន្ទប់ ដោយចំនួនសិស្សសាលាកាន់តែច្រើនទ្បើងៗ ធ្វើឲ្យកង្វះខាតបន្ទប់ សម្រាប់សិស្សសិក្សា ដែលតម្រូវការសាងសង់បន្ទប់សិក្សា បន្ថែមទៀត៕