(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ឲ្យអនុវត្តន៍ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង អភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់មន្ត្រីរាជការមកពីក្រសួង ស្ថាប័ននានា សំដៅលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:។
ពិធីប្រកាសបើកយុទ្ធនាការថ្មីដើម្បីពង្រឹងដំណើរការធ្វើកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍផងដែរ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាពនៅថ្ងៃនេះ គឺជាជោគជ័យមួយទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់ទុកការអប់រំបណ្ដុះបណ្ដាល និង ការកសាងសមត្ថភាព គឺជាអាទិភាពចម្បង សម្រាប់ទ្រទ្រង់ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងការអប់រំបណ្ដុះបណ្ដាល និង ការកសាងសមត្ថភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានរួមចំណែកធ្វើឲ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ប្រមាណ ៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេលប្រមាណជា ៣ អាណត្តិកន្លងមក និងបានរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ឈានឆ្ពោះទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ចាប់ពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ ២០០៤ ក្នុងគោលដៅច្បាស់លាស់ គឺការផ្លាស់ប្តូរប្រព័ន្ធថវិកា ពីថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្មនិងវិមជ្ឈការមក, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងបានយកចិត្តទុកដាក់ជានិច្ចលើការកសាង និងអភិវឌ្ឍសមត្ថភាព លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅពង្រឹង ពង្រីកចំណេះដឹង, សមត្ថភាព និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធ ជូនដល់មន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោករដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា ឆ្លើយតបតម្រូវការកសាង និងអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីផ្នែកគ្រប់គ្រងថវិកាសាធារណៈ ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ «ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាព» និង ត្រូវបានអនុវត្តយ៉ាងសកម្ម ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងការរួមចំណែកសម្រេចគោលបំណងគោលនយោបាយអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ «ភាពជឿទុកចិត្តនៃថវិកា» នៅក្នុងដំណាក់កាលទី១ និង «គណនេយ្យភាពហិរញ្ញវត្ថុ» នៅក្នុងដំណាក់កាលទី ២ ។ សមិទ្ធផលខាងលើ បានរួមចំណែកធ្វើឲ្យកម្ពុជាចាកផុតពីបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងឈានទៅមានអតិរេកសាច់ប្រាក់ ដែលអនុគ្រោះក្នុងការបង្កើនចំណាយទៅលើការវិនិយោគសាធារណៈ ក្នុងវិស័យសំខាន់ៗ ដូចជាអប់រំ និង សុខាភិបាល ជាដើម ហើយថែមទាំងមានលទ្ធភាពសម្រាប់ការបង្កើនបៀវត្សជាបណ្តើរៗជូនមន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង និវត្តជន ថែមទៀតផង។
លោក ហ៊ាន សាហ៊ីប បន្តថា បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅដំណាក់កាលទី៣ និងមានតួអង្គក្រសួងស្ថាប័នចូលរួមកាន់តែច្រើនឡើងៗ។ ភាពជាម្ចាស់ និងការទទួលខុសត្រូវភាគច្រើន ត្រូវបានផ្ទេរពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់ក្រសួងស្ថាប័ន ក្នុងខណៈដែលសមត្ថភាពមន្រ្តីរាជការនៅមានកម្រិត ហើយវិសាលភាពការងារកាន់តែទូលំទូលាយ និងស្មុគស្មាញាជាងមុន ដែលតម្រូវឲ្យមានធនធានមនុស្សដែលមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងត្រូវបង្កើនឆន្ទៈចូលរួមអនុវត្តឱ្យកាន់តែខ្លាំងថែមទៀត។
«ក្នុងបរិការណ៍នេះ ផែនការយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍសមត្ថភាព ក៏ចាំបាច់ត្រូវធ្វើបច្ចុប្បន្នកម្មឡើងវិញផងដែរ ដោយត្រូវបញ្ចូលនូវមុខជំនាញ, ប្រធានបទ, និងវិធីសាស្រ្តថ្មីៗថែមទៀត អនុលោមតាមគោលការណ៍ណែនាំ, បទប្បញ្ញតិ្ត និង លក្ខណៈបច្ចេកទេស សម្រាប់ការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា និង ឆ្លើយតបចំពោះតម្រូវការនៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), រួមនឹងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយនឹងការកែទម្រង់ពីរទៀត គឺការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ»។ លោក សាហ៊ីប បញ្ជាក់បន្ថែម។
លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាពបច្ចុប្បន្នកម្ម ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសដាក់ឲ្យប្រើនៅពេលនេះ គឺពិតជាមានសារ:សំខាន់សម្រាប់តម្រង់ទិសការអនុវត្តការងារបណ្តុះបណ្តាល និងវិក្រឹតការឲ្យមានលក្ខណៈប្រមូលផ្តុំ, ជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាគុណភាព និងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាព ឆ្លើយតបទៅនឹងតម្រូវការសម្រាប់រួមចំណែកអនុវត្តការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣នេះ៕