(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម អញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលមានការចូលរួមពីប្រជាពលរដ្ឋ សរុបជាង៥០០នាក់ មកពីឃុំស្រម៉ ស្រុកជើងព្រៃ។
លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានកសាងស្នាដៃ ជូនប្រទេសកម្ពុជា រួមមាន៖ នាំមកនូវសន្ដិភាព ជូនប្រជាជន និងប្រទេសជាតិ (ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស)។
ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃរូបនេះ បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជា មានសន្ដិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ច លើគ្រប់វិស័យ (រោងចក្រសហគ្រាស, សាលារៀន, មន្ទីរពេទ្យ, សំណង់ធារាសាស្ដ្រ, វត្ដអារ៉ាម, បណ្ដុះបណ្ដាលធនធានមនុស្ស ដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ តាមភូមិ-ឃុំ -ល-)។ នេះជាការគូសបញ្ជាក់ពីលោកបណ្ឌិត ម៉ា ឈឿន។
លោកបានលើកឡើងផងដែរថា ប្រទេសកម្ពុជា មិនយកពន្ធលើដីស្រែបង្កបង្កើនផល ជាលក្ខណៈគ្រួសារ និងរកទីផ្សារលក់កសិផលពីប្រជាពលរដ្ឋ ដូចប្រទេសជិតខាងនោះឡើយ។ ហើយចំពោះអ្នកលក់ដូរអាជីវករ មានសិទ្ធិផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអ្នកលក់ដូរតូចតាច ដោយមិនឲ្យបង់ផាស៊ីផងដែរ។
លោកបណ្ឌិតបន្ដថា ជាក់ស្ដែងនៅស្រុកជើងព្រៃ មានរោងចក្រ៧ ក្នុងនោះមានកម្មករ២០,៣៩០នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជន នៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានគូសបញ្ជាក់ថា ក្រោយបោះឆ្នោត បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នឹងបន្ដអភិវឌ្ឍកាន់តែខ្លាំង លើការរក្សាសន្ដិភាព ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងបន្ដអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើគ្រប់វិស័យឲ្យកាន់តែខ្លាំង។
ដោយឡែក នៅស្រុកជើងព្រៃ ត្រូវបន្ដអភិវឌ្ឍ រួមមាន៖ * បង្កើនរោងចក្រសហគ្រាស ដើម្បីឲ្យកម្មករមានការងារធ្វើ ឲ្យបានកាន់តែច្រើនឡើង * បន្ដតំឡើងប្រាក់ខែ ជូនកម្មករ-កម្មការិនី * បន្ដតំឡើងប្រាក់ខែ ជូនមន្ដ្រី រាជការ, គ្រូបង្រៀន, កងកម្លាំងប្រដាក់អាវុធ * បន្ដជួយប្រជាពលរដ្ឋក្រីក្រ ឲ្យមានជីវភាពរុងរឿង * បន្ដពង្រីកវិស័យអប់រំ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស បំរើឲ្យសេដ្ឋកិច្ច និងសង្គម * បន្ដស្វែងរកការងារធ្វើ ឲ្យប្រជាពលរដ្ឋ មានការងារធ្វើ។
ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមអញ្ជើញចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី២០ និងរូបសញ្ញា «ទេវតាបាចផ្កា» ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជា។
ទន្ទឹមគ្នានោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានសន្យាថា នឹងនាំមកនូវរោងចក្រឲ្យកាន់តែច្រើន ហើយឆ្នាំក្រោយនេះ កម្មករត្រូវការជាង១ម៉ឺននាក់ សម្រាប់ស្រុកជើងព្រៃ ថែមទៀត, និងទិញកសិផលស្រូវ ពីបងប្អូនកសិករ ក្នុងតម្លៃសមរម្យ, ដោះស្រាយការលំបាក របស់ពុកម៉ែបងប្អូន នៅស្រុកជើងព្រៃ ជារៀងរាល់ថ្ងៃផងដែរ៕