(កណ្តាល)៖ នាព្រឹកថ្ងៃទី ៩ ខែកក្កដា នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយពីសប្បុរសជននានា ជូនដល់មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលចេះតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះ គឺបានមកពីការជួយឧបត្ថម្ភពីបណ្តាសប្បុរសជននានា ក្នុងការចូលរួមចំណែកលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្តាលគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ និងបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលដើម្បីឆ្លើយ តបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ។
លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែគិតគូរពីការលំបាក និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល និងប្តេជ្ញាប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នេះឱ្យមានប្រសិទ្ធ ភាពខ្ពស់ និងពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូបនៅក្នុងស្រុកខ្សាច់កណ្តាល ឱ្យកាន់តែល្អប្រសើរថែមទៀត ៕