(ក្រចេះ)៖ ករណីហិង្សាដោយចេតនាមួយបានកើតឡើង បណ្ដាលឲ្យមនុស្សម្នាក់ដេកពេទ្យ និងម្នាក់ទៀតជាប់ខ្នោះ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង០១៖៤៥នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចចំការសាវម៉ាវ ភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
យោងតាមរបាយការណ៍ នគរបាលស្រុកស្នួល បានឲ្យដឹងថា ករណីហិង្សានេះ កើតឡើងបណ្ដាលមកពីទាស់សម្ដីគ្នា រវាងម្ដាយជនដៃដល់ និងជនរងគ្រោះឈ្មោះ ឈុន សំអាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជេងឃ្លា ឃុំ២ធ្នូ ស្រុកស្នួល រឿងទាលុយថ្លៃម៉ៅចំការសាវម៉ាវ ក៏បានទាស់សម្ដីគ្នាបន្តិចបន្ទួច។
របាយការណ៍ បន្ដថា ឈ្មោះ ជិន អូន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទូរស័ព្វ ទៅកូនឈ្មោះ ណុល វណ្ណី ភេទប្រុសថា បុរសខាងលើរកវាយខ្លួន ហើយឈ្មោះ ណុល សុខលាប ឈរនៅក្បែរនោះ ក៏បានលីថា ឈ្មោះ អាត រកវាយម្ដាយរបស់ខ្លួន ក៏ជិះម៉ូតូដោយយកបំពងទីបទៅជាមួយផង។
លុះពេលទៅដល់ ចំនុចកើតហេតុ ក៏ធ្វើសកម្មភាព យកបំពងទីបវាយទៅលើ ឈ្មោះ ឈុន សំអាត បណ្ដាលឲ្យបែកក្បាលចំនួន២កន្លែង បណ្ដាលឲ្យហូរឈាម។ ហើយជនដៃដល់ក្រោយ ពីធ្វើសកម្មភាពរួច ក៏ជិះម៉ូតូចេញទៅបាត់។ ចំណែកជនរងគ្រោះ ត្រូវចំក្បាល២កន្លែង រងរបួសយ៉ាងធ្ងន់បញ្ជូន ទៅមន្ទីរពេទ្យបង្អែកស្រុក។
តាមរបាយការណ៍ បញ្ជាក់ថា ក្រោយពីកើតហេតុ នគរបាលជំនាញអធិការស្រុកស្នួល បានសហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនដៃដល់បណ្ដោះអាសន្ន នៅអធិការនគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត៕