(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានលើកឡើងថា ការដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិលរបស់លោកបញ្ជូនសមាជិករហូតដល់ជាង ១ពាន់នាក់ចូលរួមសង្កេតការណ៍ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការគាំទ្រ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាពិសេសដើម្បីធានាឲ្យបានថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយអព្យាក្រឹត តម្លាភាព និងយុត្តិធម៌។
លោក កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងបែបនេះ ក្នុងពេលរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍សង្គមស៊ីវិល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស បានបន្តថា ការចូលរួមសង្កេតការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ជាការរួមចំណែកដោយផ្ទាល់ក្នុងការធានាបាននូវអធិបតេយ្យភាព និងភាពជាម្ចាស់ការនៃការបោះឆ្នោតនៅកម្ពុជា។
«ក្នុងនាមជារដ្ឋអធិបតេយ្យការចូលរួមសង្គេតការណ៍បោះឆ្នោតពីសំណាក់អ្នកសង្កេតការណ៍សង្គមស៊ីវិលជាតិ គឺជាការចាំបាច់ណាស់ ដើម្បីចូលរួមពិនិត្យដោយផ្ទាល់អំពីដំណើរការនៃការបោះឆ្នោត ប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត»។ លោក កឹមរ័ត្ន វិសិដ្ឋ បញ្ជាក់បន្ថែម។
លោក កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងដែរថា ការចូលរួមសង្កេតការណ៍នេះ បានសបញ្ជាក់ឲ្យឃើញពីគោលបំណង និងឆន្ទៈ របស់អ្នកសង្កេតការណ៍មកពីអង្គការសង្គមស៊ីវិលក្នុងការរួមចំណែកធ្វើឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋសំដៅចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ ដែលត្រូវបានអញ្ជើញមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅព្រឹកមិញនេះ រួមមាន៖ អង្គការ-សមាគម ចំនួន៩៤ ដែលមានអ្នកសង្កេតការណ៍សរុបចំនួន១០៣៨នាក់ ក្នុងនោះមានស្ត្រីចំនួន៣៧៤នាក់ មកពី២៥រាជធានី-ខេត្ត និងបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងបានទទួលស្គាល់ដោយ គ.ជ.ប រួចហើយ។
ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ នឹងផ្តល់ជាពុទ្ធិថ្មីៗ ដល់អ្នកសង្កេតការណ៍ឲ្យបានយល់ដឹងជាមូលដ្ឋានអំពីដំណើរការ និងតីនីតិវិធី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ ដែលអាចយកទៅប្រើប្រាស់ប្រកបដោយមនសិការ និងទំនួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតឲ្យបានត្រឹមត្រូវតាមច្បាប់ និងនីតិវិធី៕