(ភ្នំពេញ)៖ បុគ្គលកម្នាក់ដែលត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ ពីបទប្រើហិង្សាលើអ្នកបើករថយន្តដឹកទឹកកក ហើយត្រូវបានលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ធ្វើការដោះលែងនោះ ត្រូវបានអ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ចេញលិខិតបំភ្លឺមួយ ដោយច្រានចោលថា បុគ្គលិកម្នាក់នេះ ជាអតីតមន្រ្តីអាវុធហត្ថ ប៉ុន្តែត្រូវបានអង្គភាព កាត់ឈ្មោះចេញក៏ដោយសារមិនគោរពតាមវិន័យរបស់កងយោធពលខេមរភូមិន្ទ។ នេះបើតាមលិខិតរបស់អាវុធហត្ថលើផ្ទៃប្រទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យអាវុធហត្ថលើខាងលើនេះ បានធ្វើឡើងបន្ទាប់ពីបុគ្គលរូបនេះ ត្រូវបានគេចុះផ្សាយថា ជាមន្រ្តីអាវុធហត្ថខេត្តព្រៃវែង និងបានប្រើហិង្សាលើអ្នកបើករថយន្តដឹកទឹកកក រហូតមានការចាប់ខ្លួនបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា អតីតមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលជាប់ពាក់ព័ន្ធរឿងហិង្សាត្រូវបានលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ជនសង្ស័យមានឈ្មោះ ប៉ែន សូនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាអតីតមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ២៨៩ ក្រុម៧០ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ អឿន សេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នកលក់ទឹកកក ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវលេខ៥៩០ ក្រុម៧ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បង្ហើបថា លោក ចែ សុង ជាតំណាងអយ្យការចោទបានបើកការស៊ើបសួរ និងចោទប្រកាន់ លើឈ្មោះ ប៉ែន សូនី ពីចោទបទ «ហិង្សាដោយចេតនា» ប្រព្រឹត្ដនៅមុខផ្ទះលេខ២០ ផ្លូវលេខ ៦១៤ ក្រុម៧០ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានឃាត់ខ្លួនជនបង្កឈ្មោះ ប៉ែន សូនី កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ វាយជនរងគ្រោះ បណ្តាលឲ្យរងបួស ព្រោះតែទំនាស់ពាក្យសម្តី ខឹងជនរងគ្រោះ ឈប់រថយន្តដឹកទឹកកក ដាក់ទឹកកកឲ្យម៉ូយ ទើសផ្លូវលោកមន្ត្រីអាវុធហត្ថជាជនបង្ករូបនេះ៕