(ភ្នំពេញ)៖ រយៈពេលបីថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ យុវជនត្រូវបានគេមើលឃើញថា គឺជាកម្លាំងស្នូលរបស់គណបក្ស នយោបាយនីមួយៗ ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការឃោសនាស្វែងរកសំឡេងគាំទ្ររបស់គណបក្សខ្លួន។ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសកម្ពុជា តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ មកមានកម្លាំងយុវជនជាស្នូលយ៉ាងច្រើនលើសលប់និង ប្រកបដោយសមត្ថភាព។ ពួកគេបានចូលរួមក្នុងការឃោសនាពីគោលនយោបាយ បក្សយ៉ាងសកម្ម តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។ យុវជនមួយចំនួនត្រូវបានផ្តល់ឱកាសពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងនាមជាប្រធានអនុប្រធានក្រុមការងារ នៅតាមខេត្ត និងស្រុក ឃុំភូមិនានា នៅក្នុងប្រទេសកម្ពុជាដើម្បីដឹកនាំការឃោសនារកសំឡេងឆ្នោត។
នេះគឺជាឱកាសថ្មីបន្ថែមទៀតចំពោះយុវជនបន្តវេនរបស់បក្សក្នុងការបង្ហាញចេញសមត្ថភាព ដែលខ្លួនមាន និងក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងវាយតម្លៃលើភាពដឹកនាំ និងសមត្ថភាពមន្ត្រីវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបន្តវេនដឹកនាំប្រទេស។
ទាំងយុវជនដែលជាប្រធានក្រុមការងារ និងអ្នកនៅតាមមូលដ្ឋានសុទ្ធតែជាមនុស្សសកម្មបំផុត ជាមួយនឹងសមាជិកបក្សដទៃទៀតទៀត នៅក្នុងការស្វែងរកសំឡេងឆ្នោតជូនគណបក្ស ដែលនេះគួរត្រូវបានលើកទឹកចិត្ត និងផ្តល់តម្លៃកាន់តែខ្លាំងថែមទៀត ដើម្បីលើកតម្កើងកិច្ចខិតខំប្រឹងប្រែង ការលះបង់ និងការអំណត់ព្យាយាមរបស់ពួកគេ។
ការលះបង់មិនខ្លាចនឿយហត់នេះ បានផ្តល់ទាំងបទពិសោធ ក៏ដូចជាចំណេះដឹងក្នុងការងារគ្រប់គ្រង និងការទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ យុវជនជាអនាគត អ្នកបន្តវេនដឹកនាំប្រទេសទាំងនេះ បានរៀនសូត្រពីគំរូវរភាពនៃការដឹកនាំពីយុវជនគណបក្សប្រជាជនកម្ពុជា ជំនាន់មុន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីតស៊ូរំដោះ និងសង្គ្រោះជាតិ និងប្រជាជនចេញពីរបបវាលពិឃាតខ្មែរក្រហម។ យុវជនសម័យសន្តិភាពនេះ មិនបានយកជីវិតជាដើមទុនដូចយុវជនសម័យមុនទេ ប៉ុន្តែពួកគេបានលះបង់ នូវសេចក្តីសុខផ្ទាល់ខ្លួនដោយស្ថិតនៅនឹងមូលដ្ឋាន ជួបប្រជាពលរដ្ឋដោយផ្ទាល់ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាមួយចំនួនដែលពួកគាត់ជួបប្រទះ និងផ្តល់ភាពកក់ក្តៅផ្សាភ្ជាប់ជីវិតរបស់ខ្លួននឹងប្រជាជន។
ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញពីទង្វើល្អរបស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងរបស់យុវជន និងកាន់តែជឿទុកចិត្តថែមទៀតមកលើធនធានមនុស្ស ប្រកបដោយគុណភាព ការទទួលខុសត្រូវ និងសីលធម៌របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងតែធ្វើការ ងារដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រជាពលរដ្ឋពិតជាបានទទួលស្គាល់ពីធនធានមនុស្ស និងសមត្ថភាពមន្ត្រីវ័យក្មេងបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ដោយសារមានធនធានមនុស្សសម្បូណ៌ បែបប្រកបដោយគុណភាព និងគុណវុឌ្ឍិ ដូច្នេះគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សតែមួយគត់ដែលមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនរុងរឿង និងការពារបាននូវសុខសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨