(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល តំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ និង​ប្រធានក្រុមការងារថ្នាក់ កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ ចំនួនជិត៦២០០នាក់​ នៅស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សរួមមាន​៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស​ និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងប្រធានកិត្តិយសគណបក្ស​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ មានថ្លែងបន្តថា​ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន​ ការពារប្រជាជនទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារអភិវឌ្ឍសេដ្ឋកិច្ច ជាជំហានៗ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន​ ទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្ស ប្រឆាំង មានបរទេសនៅពីក្រោយត្រូវបានរារាំងទាន់ពេលវេលាបញ្ចៀសប្រទេស មិនឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីហើយធានាបាននូវសន្តិភាពស្ថិរភាព និងការអភិវឌ្ឍ។​ ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗ(GDP)បានកើនដល់១៤៣៥ដុល្លារ នៅឆ្នាំ២០១៧ ហើយរំពឹងថានឹងបន្តកើនដល់១៥៦០ដុល្លារ នៅដំណាច់ឆ្នាំ២០១៨នេះ។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិកសមាជិកា​ទាំងអស់ នៃមហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក​ ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្របន្តទៀត «សមាជិក១នាក់​ សន្លឹកឆ្នោត១សន្លឹក​» នៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត​ ស្រួលគូស​ ដើម្បីសម្តេចតេជោ ហ៊ុន​ សែន​ បន្តដឹកនាំប្រទេសកាន់តែរីកចម្រើន និងជីវភាពប្រជាពលរដ្ឋកាន់តែធូរធារបន្ថែមទៀត៕