(ភ្នំពេញ)៖ ឡដុតសំណល់វេជ្ជសាស្ត្រ២គ្រឿង របស់ក្រុមហ៊ុន Hwa Seong B & Tec មកពីប្រទេសកូរ៉េ ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោក Han Kisub នាយកប្រតិបត្តិកបរុមហ៊ុន Hwa Seong B & Tec ព្រមទាំងមន្ត្រីអនុសាខាជាច្រើនរូបផងដែរ។
លោក ប៉ា សុជាតិវង្ស បានសម្តែងនូវក្តីរីករាយ ដែលសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជាមួយនូវការផ្តល់នូវអំណោយដ៏មានតម្លៃ ដើម្បីប្រតិបត្តិការលើការងារកម្ទេចសំណលើវេជ្ជសាស្ត្រ និងសំណល់ផ្សេងៗទៀត ដែលប៉ះពាល់បរិស្ថាន និងសុខមាលភាពប្រជាជន។
ឆ្លើយតបនឹងកំណើនប្រជាជននៅរាជធានីភ្នំពេញ កើនឡើងយ៉ាងលឿននោះ ដែលបានរស់នៅ និងប្រកបអាជីវកម្ម។ កំណើនមនុស្ស ធ្វើឲ្យមានកំណើនសំណល់ ដែលមនុស្សគ្រប់គ្នាជាអ្នកបង្កើតសំណល់ មនុស្សកាន់តែច្រើនសំណល់កាន់តែច្រើន។ ដូចនេះមានច្រើនប្រភេទ ប៉ុន្តែមានសំណល់មួយដែលសំខាន់ និងមានច្រើនដែរក្នុងរាជធានីភ្នំពេញ ដែលក្នុងមួយថ្ងៃមានប្រមាណ២០០០ ទៅ២៣០០តោន ក្នុងមួយថ្ងៃ ក្នុងនោះ សំណល់គ្រោះថ្នាក់ក៏មិនតិចជាង៥តោនដែរ នោះគឺសំណល់វេជ្ជសាស្ត្រ ដែលមាននៅតាមមន្ទីរពេទ្យ។ តើសំណល់ទាំងនេះយកទៅណា ប្រសិនបើគ្មានឡដុតសំណល់ ទាំងនោះទេ? សំណល់វេជ្ជសាស្ត្រ បើយើងមិនទាន់មានការកែច្នៃ មិនទាន់មានឡដុត មិនទាន់កន្លែងបំលែងឋាមពល ឬទៅជាប្រយោជន៍សង្គមនោះ បើគ្មានអង្គភាពសំណល់វេជ្ជសាស្ត្រ សាខាកាកបាទក្រហមគ្រប់គ្រងបានត្រឹមទេនោះ។
ដោយមើលឃើញនូវផលវិបាក នៃសំណល់វេជ្ជសាស្ត្រ ដែលបង្កផលប៉ះពាល់ដល់សុខមាលភាពនោះ លោក ប៉ា សុជាតិវង្ស ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានស្វែងរកដៃគូ ដើម្បីបង្កើតឡដុតសំណល់វេជ្ជសាស្ត្រនេះឡើង។ លោកបន្តថា ឡដុតសំណល់នេះ មិនមែនសម្រាប់តែសំណល់វេជ្ជសាស្ត្រ នៃសរីរាង្គមនុស្សទេប៉ុណ្ណោះទេ សំណល់សាច់សត្វ សំណល់ហួសសុពលភាព រួមទាំងសារធាតុញៀនជាច្រើនទៀត គឺយើងត្រូវប្រមូលមកដុតចោលក្នុងឡនេះដែរ ដើម្បីធានានៃកម្រិតដឺក្រេខ្ពស់ ដែលធានាបរិស្ថានល្អ ប្រសើរមិនប៉ះពាល់សុខភាពសាធារណៈ។
ជាមួយគ្នានេះ លោកប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះលោក Han Kisub នាយកប្រតិបត្តិកបរុមហ៊ុន Hwa Seong B & Tec ដែលបានផ្តល់អំណោយឡដុតវេជ្ជសាស្ត្រ២គ្រឿង មកសាខាកាកបាទក្រហមរាជធានី នាពេលនេះ៕