កម្មកររោងចក្រដេរស្បែកជើង នៅស្រុកត្រាំកក់ ខេត្តតាកែវជាង២០០នាក់ ដួលសន្លប់ជាបន្តបន្ទាប់
09-07-2018 11:11
(តាកែវ)៖ ក្រុមកម្មករ-កម្មការិនី រោងចក្រដេរស្បែកជើង ប៊ុន តឺស ជាង២០០នាក់ ស្ថិតនៅក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានដួលសន្លប់ជាប់បន្តបន្ទាប់ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានប្រាប់អង្គភាពព័ត៌មាន Fresh News។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់មូលហេតុដែលនាំឲ្យមានការដួលសន្លប់បែបនេះ គឺផ្តើមចេញពីកម្មការិនីម្នាក់ បានគាបដៃជាមួយម៉ាស៊ីដេរ ពេលនោះក៏ស្រែកឡើង ស្រាប់តែកម្មករផ្សេងទៀតឃើញដូច្នេះ ក៏ដួលសន្លប់ជាបន្តបន្ទាប់តែម្តង។
ជាមួយគ្នានេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវ លោក ម៉ឹង វីរីយ៉ា ក៏បានបញ្ជាក់ឲ្យដឹងថា ការដួលសន្លប់របស់កម្មករ បន្ទាប់ពីមានកម្មករម្នាក់ធ្វើការមានរបួសត្រូវចំដៃបែកឈាម ក៏បណ្ដាលកម្មកដទៃភ័យស្លន់ស្លោរ ដួលសន្លប់ជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ បើតាមលោកស្នងការ សម្រាប់ជនរងគ្រោះដែលដួលសន្លប់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលរបស់លោក ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពអស់ហើយ៕