(ភ្នំពេញ)៖ បក្ខពួកមេក្លោងជួញដូរគ្រឿងញៀន១២០គីឡូក្រាម ឆ្លងដែនពីប្រទេសឡាវមកកម្ពុជា ចំនួន៣នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនបាន។

លោកឧត្តមសេនីយ៍ត្រី អ៉ិន សុង សេនាធិការនៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះថា ដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួល ពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង និងលោក សៀង សុខ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ឲ្យកម្លាំងជំនាញបន្តការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេក្លោងនៅពីក្រោយខ្នង ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន១២០គីឡូក្រាម ដែលបង្ក្រាបកាលពីថ្ងៃទី២៦ មិថុនា ២០១៨ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល (ស្ទឹងត្រែង) នោះ, នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ ឈានទៅចាប់ខ្លួនបានមុខសញ្ញាពាក់ព័ន្ធនឹងករណីខាងលើ ៣នាក់បន្ថែមទៀត នៅបីគោលដៅផ្សេងគ្នាជាបន្ទាប់ ទី១៖ចំណុចជិតរង្វង់មូលកាំកូស៊ីធី, ទី២៖ ឆែកឆេរលំនៅដ្ឋានលេខ១០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ទី៣៖ ឆែកឆេរលំនៅដ្ឋានលេខ១០៥ ផ្លូវលេខ៦ ក្នុងបុរីពិភពថ្មី សង្កាត់កន្ទោត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីដដែលរូបនេះបានឲ្យដឹងថា ជនសង្ស័យ៣នាក់រួមមាន៖ ១៖ ឈ្មោះ សៀន ខួច ភេទប្រុស ខ្មែរ កើតឆ្នាំ ១៩៨៦, ២៖ ឈ្មោះ យិន ម៉ាប់ ភេទប្រុស ខ្មែរ កើតឆ្នាំ ១៩៩៤, ៣៖ ឈ្មោះ សុខ សុឡា ភេទប្រុស ខ្មែរ កើតឆ្នាំ១៩៩១ ដោយចាប់យកវត្ថុតាងគ្រឿងញៀនសរុប ជាង២៦គីឡូក្រាម ក្នុងនោះ៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ជាង៤គីឡូក្រាម និងថ្នាំញៀនប្រភេទកេតាមីន (Ketamine )ជាង២២គីឡូក្រាម។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលឧក្រិដ្ឋជនបានលាក់ នៅក្នុងរថយន្តក្រុងភ្នំពេញ សុរិយាដឹកអ្នកដំណើរ ដោយធ្វើការរឹបអូសបាន រហូតដល់១២០គីឡូក្រាម ជាប្រភេទម៉ាទឹកក នៅចំណុចច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង៕