(ភ្នំពេញ)៖ រដ្ឋសភានីតិកាលទី៥ បានបិទបញ្ចប់ការងារពេញមួយអាណត្តិរយៈពេល៥ឆ្នាំរបស់ខ្លួនហើយចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ។ ពេញមួយអាណត្តិទី៥នេះ រដ្ឋសភាបានសម្រេចអនុម័ត្តលើសេចក្តីព្រៀងច្បាប់ និងសេចក្តីស្នើច្បាប់ចំនួន១០៩។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដំណើរការរបស់រដ្ឋសភាពេញមួយអាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងគោរពទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោកបន្តថា ដំណើរការពេញមួយអាណត្តិរបស់រដ្ឋសភា បានជួយជំរុញឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដំណើរការទៅដោយភាពល្អប្រសើរ។
សូមបញ្ជាក់ថា រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្តបានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។
រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។
បើទោះបីជាយ៉ាងណាការបើសម័យប្រជុំរដ្ឋសភាលើកដំបូងនេះ មានភាពរកាំរកូសមួយចំនួនផងដែរ ព្រោះតែតំណាងរាស្ត្រចំនួន ៥៥រូបមកពីគណបក្សសង្គ្រោះជាតិមិនចូលរួមបើកសម័យប្រជុំលើកដំបូងនេះឡើយ ហើយនាំគ្នាទៅស្បថនៅឯប្រាសាទអង្គរវត្តទៅវិញ ទុកឲ្យតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ៦៨រូបស្បថចូលបម្រើការងារ ដោយគ្មានតំណាងរាស្ត្រមកពីគណបក្សសំឡេងភាគតិច។
បើទោះបីជាយ៉ាងក្រោយពេលងងក់អស់រយៈពេលជិតមួយឆ្នាំតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានតុលាការកំពូលរំលាយចោលទៅហើយនោះ ក៏បានត្រឡប់ចូលបម្រើការងារនៅវិមានរដ្ឋសភាក្រោមកិច្ចសម្របសម្រួលផ្នែកនយោបាយ។
ក្នុងអាណត្តិទី៥ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានកើតឡើងនៅវិមានរដ្ឋសភា ហើយក៏មានការតស៊ូមតិ និងការកោះហៅរដ្ឋមន្ត្រីចូលបំភ្លឺលើការងាររបស់ខ្លួន ដែលធ្វើឲ្យការចាប់អារម្មណ៍ខ្លាំងណាស់ផងដែរ។ ព្រឹត្តិការណ៍ដែលគេចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ៥៥រូប ត្រូវបានបាត់បង់តំណែងទាំងអស់ បន្ទាប់ពីគណបក្សរបស់ពួកគេត្រូវបានតុលាការកំពូលកាត់រំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយតំណែងរបស់ពួកគេត្រូវបានយកទៅប្រគល់ជូនបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ។
បើមិនមានអ្វីប្រែប្រួលទេនោះ រដ្ឋសភាអាណត្តិទី៦ នឹងត្រូវកើតឡើយនៅអំឡុងចុងខែកញ្ញា ឆ្នាំ២០១៨នេះ រយៈពេលជាង១ខែក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕