(តាកែវ)៖ លោក សុខ សូកាន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ និងលោក ជីវ កេង បានដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ហែក្បួនឃោសនាបើកយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ នៅស្រុកគិរីវង់។
កម្មវិធីនេះ ក៏មានការចូលរួមសហការយ៉ាងជិតស្និទ្ធពីសមាជិក-សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ ឃុំទាំង១២ ព្រមទាំងលោកប្រធានគណៈកម្មាធិការគណបក្សស្រុក និងឃុំផងដែរ។
ការហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនេះ ធ្វើឡើងរយៈពេល១ថ្ងៃពេញចាប់តាំងពីពេលព្រឹករហូតដល់ម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដោយបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ក្បួនឃោសនាចែកចេញជា២ខ្សែ មានសមាជិក-សមាជិកាចូលរួមប្រមាណ ៣០០០នាក់ ដោយខ្សែក្បួនទី១ ដឹកនាំដោយលោក សុខ សូកាន និងខ្សែទី២ ដឹកនាំដោយលោក ជីវ កេង។ ខ្សែក្បួនឃោសនាទាំង២ បានធ្វើដំណើរឆ្លងកាត់តាមបណ្តាភូមិនៃស្រុកគិរីវង់ ដោយទទួលបានការឈរស្វាគមន៍ អបអរសាទរក្បួនឃោសនាយ៉ាងកក់ក្តៅតាមដងផ្លូវ ពីសំណាក់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋតាមភូមិនីមួយៗ ប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងភាពស្និទ្ធស្នាលបំផុត ដែលជាការបង្ហាញពីមហាសាមគ្គីភាព ការស្រលាញ់គាំទ្រ និងការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា។
មុននឹងចាប់ផ្តើមហែក្បួនឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ និងប្រជាពលរដ្ឋទូទាំងស្រុកគិរីវង់ បានជួបជុំគ្នានៅតាមសាខាបក្សភូមិ ស្នាក់ការបក្សឃុំ និងការិយាល័យបក្សស្រុក ដើម្បីស្តាប់ការថ្លែងសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបញ្ចប់ការថ្លែងសារនយោបាយរបស់សម្តេច លោក សុខ សូកាន បានសង្កត់ធ្ងន់ថា ការជួបជុំជាលក្ខណៈមហាគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ក្នុងឱកាសហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺជាការឆ្លុះបញ្ជាំងពី៖
* ឧត្តមភាព និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ដែលជាស្រុកទទួលបានជ័យជម្នះឈានមុខគេជានិច្ច នៅរាល់ការបោះឆ្នោត ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។
* បង្ហាញពីស្មារតី សាមគ្គីភាពនិងភាតរភាពរវាងសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ដ៏រឹងមាំ។
- និងបង្ហាញពីភក្តីភាពឥតងាករេរបស់សមាជិក សមាជិកា ស្រុកគិរីវង់ ទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា
ថ្នាក់ដឹកនាំ រួមទាំងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ទាំងអស់ បានប្តេជ្ញាចិត្តយ៉ាងមោះមុតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់អាណត្តិទី៦ និងដើម្បីបន្តរក្សាកេកេរ្តិ៍ឈ្មោះស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន៕