(ឧត្តរមានជ័យ)៖ លោក គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តឧត្តរមានជ័យ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋតាំងពីក្រោយរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
«គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានរួមសុខរួមទុក្ខជាមួយប្រជាជន ការពារប្រជាជនទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច ជាជំហ៊ានៗ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និង ធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញលេញ។ ជាក់ស្ដែងនៅស្រុកអន្លង់វែងយើងនេះ ២០ឆ្នាំមុននេះ គឺជាសមរភូមិក្តៅ និងចុងក្រោយបង្អស់មុននឹងឈានទៅដល់ការធ្វើសមាហរណកម្មតាមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន»។ លោក គន់ គីម បញ្ជាក់បន្ថែម។
លោក គន់ គីម បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងពិធីឃោសនារកសំឡេងឆ្នោតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ។ ពិធីឃោសនារកសំឡេងឆ្នោតនេះ ក៏មានការអញ្ជើញចូលរួមពីលោក ជា តារា លោក នៅ សំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តឧត្តរមានជ័យ និងលោក ស ថាវី ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ។
លោក គន់ គីម បានលើកឡើងថា ជាតិកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែប្រសើរ ដោយផលិតផលសរុបសម្រាប់ពលរដ្ឋម្នាក់ៗ កើនដល់ ១,៤៣៥ដុល្លារនៅឆ្នាំ២០១៧ និងរំពឹងបន្តកើនដល់ ១,៥៦០ដុល្លារ នៅដំណាច់ឆ្នាំ២០១៨នេះ។
ប្រធានគណៈពង្រឹងការងាររបស់គណបក្សប្រជាជនកម្ពុជានៅខេត្តឧត្តរមានជ័យរូបនេះ បន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងជំរុញប្រាក់បៀវត្សរ៍មន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ។
ដើម្បីបន្តរក្សាបានភាពរីកចម្រើនរបស់ជាតិកម្ពុជាទៅមុខបន្តទៀត ជាពិសេសរក្សាបាននូវសុខសន្តិភាពនោះ លោក គន់ គីម បានអំពាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានរូបទេវតាបាចផ្កាជាសញ្ញាស្ថិតនៅលេខរៀងទី២០ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕