ប្រធានបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ដឹកនាំក្បួនចេញរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ ជាមួយការបង្ហាញនូវគុណសម្បត្តិជាច្រើនរបស់បក្ស
08-07-2018 20:52
(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នៅថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំយុទ្ធនាការយោសនារកសំឡេងឆ្នោតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចូលរួមជាង ៩០០នាក់ មកពីឃុំចំនួន៧ ក្នុងស្រុកសេសាន។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះ លោកប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តស្ទឹងត្រែង អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ក្នុងការទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
លោក ម៉ុម សារឿន ក៏បានលើកបង្ហាញពីគុណសម្បត្តិធំៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ដែលគុណសម្បត្តិធំបំផុតគឺការរំដោះប្រទេស និងជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបន្តបញ្ចប់ភ្លើងសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសទាំងស្រុងនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសការប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសឲ្យងើបចេញពីប្រទេសក្រីក្រ រហូតដល់មកដល់ដំណាក់កាលអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ននេះ៕