(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលមានធនធាន និងលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកត្រើយសុភមង្គល និងវឌ្ឍនភាព។
«គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្ស បទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបានការរីកចម្រើនគ្រប់វិស័យ ហើយក៏ជាកម្លាំងនយោបាយតែមួយគត់ ដែលបានរួមសុខទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ការអះអាងរបស់លោកប្រធាន បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋ នៅក្នុងឃុំជ្រៃវៀន និងខ្វិតធំ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ១,០០០នាក់។
នៅក្នុងឱកាសនោះ លោកប្រធាន ប៉ាន សូរស័ក្តិ បានថ្លែងនូវសារនយោបាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលផ្តោតសំខាន់លើស្នាដៃដឹកនាំ និងសមិទ្ធផលធំៗរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ បានបន្តបកស្រាយជូនប្រជាពលរដ្ឋអំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។ គោលនយោបាយទាំងអស់នេះ គឺជាចក្ខុវិស័យ និងទិសដៅផែនការសកម្មភាព រយៈពេល ៥ឆ្នាំ ដែលគណបក្សត្រូវអនុវត្តន៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។
លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕