Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អរគុណសមាជិក សមាជិកា និងយុវជន យុវតី ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការរកសំឡេងឆ្នោត (Video inside)

08-07-2018 19:18

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទីពីរនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ ប្រមុខមេបក្សកាន់អំណាចសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសមាជិក សមាជិកា ក៏ដូចជាក្រុមយុវជន យុវតីទាំងអស់ ដែលបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

ជាមួយការថ្លែងអំណរគុណដល់សមាជិក សមាជិកា និងយុវជន យុវតីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋខ្មែរបានដឹងយ៉ាងច្បាស់ហើយថា ភាពសុខសប្បាយ និងការរីកចម្រើនរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ ដោយសារតែបាតដៃគណបក្សប្រជាជនកម្ពុជាតែមួយគត់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែជាជម្រើសល្អរបស់ប្រជាពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជានៅលើទំព័រ Facebook យ៉ាងដូច្នេះ «នេះជាថ្ងៃទី២ ហើយនៃថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោត។ សុំអរគុណសមាជិក សមាជិកា និងកូនក្មួយយុវជនយុវតី នៃគណបក្សប្រជាជនទូទាំងប្រទេស ដែលចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ។ ជាការពិត គឺបងប្អូនជនរួមជាតិបានដឹងច្បាស់ហើយថា កម្ពុជាសុខសប្បាយ និងរីកចម្រើនមកទល់ថ្ងៃនេះ គឺដោយសារបាតដៃគណបក្សប្រជាជនតែមួយគត់»

ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល បានបន្តថា «អរគុណបងប្អូនជនរួមជាតិ ដែលមានជំនឿ និងគាំទ្រឥតងាករេលើការដឹកនាំរបស់ខ្ញុំ។ ជម្រើសដ៏ល្អបំផុតនោះ គឺសូមបងប្អូនបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ»

សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃទីពីរហើយដែលគណបក្សនយោបាយនៅកម្ពុជាបានធ្វើយុទ្ធនាការរកសំឡេងឆ្នោត ក្នុងនោះគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលធ្វើសកម្មភាពផុលផុស និងទ្រង់ទ្រាយធំជាងគណបក្សនយោបាយ ១៩ផ្សេងទៀត។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះនឹងបិទបញ្ចាប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕