(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ។ ដែលករណីនេះ បណ្តាលមកពីរថយន្តបែកកង់ក្រោយ ពេលកំពុងបើកបរយ៉ាងលឿននៅលើដងផ្លូវ។
ហេតុការដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣៖០០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ នៅចំណុចហួសផ្លូវចូលភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរៈសេនីត្រីយ៍ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា មុនពេលកើតហេតុរថយន្តខាងលើ បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីខាងជើងទៅទិសខាងត្បូង ដោយមានអ្នករួមដំណើរទាំងអស់ ៨នាក់ ទាំងអ្នកបើរបរ ក្នុងនោះប្រុស៣នាក់ ស្រី៥នាក់។ លុះដល់ចំណុចកន្លែងកើតហេតុ ស្រាប់តែរថយន្តបែកកង់ខាងក្រោយ ខាងឆ្វេង បណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យឃើញថា មានស្លាប់ស្រីម្នាក់ នៅនឹងកន្លែង ចំណែក៧នាក់ទៀត រងរបួសធ្ង់ស្រាល ត្រូវបញ្ជូនទៅធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។
លោកអធិការស្រុកបានបន្តថា រថយន្តដែលរងការក្រឡាប់ និងធ្វើឲ្យមនុស្សស្លាប់ និងរបួសច្រើននោះ ម៉ាកឡិចស៉ីស ៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ1S-3198 ហើយជនរងគ្រោះទាំងអស់ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តតាកែវ។ លោកបន្តថា រថយន្ត និងសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតវិញ។
ដោយឡែកលោក សុខ វាសនា ប្រធានមន្ទីពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងចំណោមមនុស្ស៧នាក់ ដែលបញ្ជូនមកធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ គឺបានស្លាប់ម្នាក់ជាក្មេងស្រី មុនបញ្ជូនចូលដល់មន្ទីរពេទ្យ ចំណែកអ្នកបើកបរប្រុស ក៏មិនសង្ឃឹមថារស់ដែរ ព្រោះដោយសាររបួសធ្ងន់ធ្ងរពេក។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់ ព្យាបាលជនរងគ្រោះ ឲ្យអស់លទ្ធភាពផងដែរ។
សូមបញ្ជាក់ថា ជនរងគ្រោះទាំង ៨នាក់ រួមមាន៖
ទី១. ឈ្មោះប្រាក់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ
ទី២. ឈ្មោះប្រាក់ ណាវី ភេទស្រី របួសស្រាល
ទី៣. ឈ្មោះប្រាក់ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ របួសធ្ងន់
ទី៤. ឈ្មោះឡៅ សារ៉េត ភេទស្រី អាយុ៥៤ឆ្នាំ របួសធ្ងន់
ទី៥. ឈ្មោះហេង ពេជ្ររ៉ា ភេទស្រី អាយុ២៤ឆ្នាំ របួសស្រាល
ទី៦. ឈ្មោះឆូយ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ របួសស្រាល
ទី៧. ឈ្មោះប្រាក់ រចនា ភេទស្រី អាយុ១០ឆ្នាំ របួសស្រាល
ទី៨. ឈ្មោះម៉ៅ សុម៉ាវតី ភេទស្រី អាយុ៣ខែស្លាប់ មុនពេលចូលដល់មន្ទីរពេទ្យ៕