(ព្រៃវែង)៖ ដើម្បីពង្រឹងសាមគ្គីភាពជាតិខ្មែរទាំងមូល សមាជិក សមាជិកា និងប្រជាជនឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងនីតិកាលទី៦ ខាងមុខគ្រប់ៗគ្នា។ ការប្តេជ្ញារបស់ប្រជាជនឃុំព្រៃដើមថ្នឹងនេះ គឺស្របនឹងគោលនយោបាយទីមួយ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។
ការលើកឡើងរបស់ប្រជាជនឃុំដើមថ្នឹងបែបនេះ ក្នុងពិធីសំណេះសំណាលសមាជិក សមាជិកា និងប្រជាជនឃុំតាមភូមិមកពី ២០០ខ្នងផ្ទះ ក្រោមការដឹកនាំពីលោក ជាម ប៉េអា បេក្ខជនតំណាងរាស្ដ្របម្រុងលេខរៀងទី១ នៅមណ្ឌលព្រៃវែង អនុប្រធានទី១ ចុះជួយស្រុកស៊ីធរកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្នឹង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក សៀប រស់ តំណាងប្រជាជនឃុំព្រៃដើមថ្នឹង បានឡើងប្តេជ្ញាចិត្តគាំទ្ររាល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ។
លោកបានបញ្ជាក់ថា «កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាពិតជាបានលើកតម្លៃប្រជាជន និងប្រទេសជាតិខ្មែរទាំងមូល។ ប្រជាជនទាំងអស់គ្នា និងខ្ញុំ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ច»។
លោក សៀប រស់ បានអំពាវនាវឱ្យប្រជាជន សមាជិក សមាជិកា និងប្រជាជនទាំងអស់អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នា។
បើតាមលោក ជាម ប៉េអា ការបោះឆ្នោតជូនគណបក្សកម្ពុជា គឺជាការបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ លោកបន្តថា ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាជនជាអ្នកឈ្នះ។
លោកបានបន្ថែមថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង ១១ខ មានគោលបំណង និងចក្ខុវិស័យការលើកគុណភាពជីវិតរបស់ប្រជាជន ប្រកបទៅដោយសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ដូច្នេះសូមប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕