(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ លោកសួន បវរ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងលោក សាន ស៊ានហូ ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត បានទទួលយកសំណូមពរពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិអរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលសុំឲ្យមានផ្លូវបេតុង ទទឹង៦ម៉ែត្រ និងប្រឡាយបញ្ចៀសទឹកស្អុយ។

លោក សាន ស៊ានហូ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា បញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាបញ្ហាទទួលខុសត្រូវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរួមទាំងអស់អាជ្ញាធរផងដែរ។ លោកបានបន្តថា ជឿជាក់ទៅលើរូបលោក និងគណបក្សប្រជាជនកម្ពុជា គឺធ្វើឲ្យប្រទេសជាតិ មានភាពរីកចម្រើនគ្រប់វិស័យ អ្វីពីនោះក៏ជាប្រជាពលរដ្ឋបានឃើញ បានដឹងច្បាស់ថា កម្ពុជាមានសុខសុវត្ថិភាព និងស្ថិរភាពពេញលេញ គឺដោយសារតែការដឹកនាំ ប្រទេសជាតិដោយ គតិយុទ្ធច្បាស់លាស់ ពីគណបក្សប្រជាជនកម្ពុជានេះឯង។

នាពេលនោះដែរ លោកសួន បវរ បានថ្លែងថា រាល់ថ្ងៃការអភិវឌ្ឍទាំងអស់នេះ ជាការខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ គ្មានថ្ងៃឈប់សម្រាកឡើយ មិនថ្ងៃឈប់សម្រាក ពេលថ្ងៃ ឬយប់ឡើយ គឺនៅតែបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋមិនថាជិត ឬឆ្ងាយនោះទេ។

ខណៈនោះ ប្រជាពលរដ្ឋទាំងអស់បានសំណូមពរ ដល់ប្រធានគណបក្សខេត្ត ក្រុង មេត្តាជួយដោះស្រាយបញ្ហាពិបាក ក្នុងការធ្វើដំណើរ ចរាចរណ៍ចេញចូល និងបញ្ហាប្រឡាយទឹកស្អុយតែម្តង ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ដល់ផ្លូវដង្ហើម ព្រោះរាល់ថ្ងៃនេះប្រឡាយទឹកស្អុយនេះ មានក្លិនមិនល្អ។

ប្រធានគណបក្សខេត្ត បានទទួលសំណូមពរតែម្តង និងផ្តល់ការងារនេះ ទៅលោកមេភូមិ និងមន្ត្រីជំនាញសិក្សា និងវាយតម្លៃ ផ្លូវរណបផ្លូវរថភ្លើងត្រូវធ្វើការសិក្សាតែម្តង ចំណែកប្រឡាយវិញនោះ គឺអាជ្ញាធរក្រុង ខេត្ត ត្រូវចាត់ចែងមិនទុកឲ្យស្អុយទៀតឡើយ៕