(ភ្នំពេញ)៖ ជយោក្រមាខ្មែរ! នៅក្នុងព្រឹត្ដិការណ៍ប្រកបដោយមោទនភាពជាតិថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ យើងឃើញថាប្រជាជាតិខ្មែរទំាងក្នុងនិងក្រៅព្រះនគរ មានសេចក្ដីអំណរសាទរសប្បាយរីករាយជាថ្មីម្ដងទៀត ដែលកុលបុត្រខ្មែរជំនាន់នេះ ក្រោមការដឹកនំាប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានរួមចិត្ដរួមកម្លំាងគ្នាជា មហាគ្រួសារខ្មែរតែមួយតម្បាញក្រមា រហូតមានប្រវែង១០០០ម៉ែត្រ ដោយបានបំបែកឯតទគ្គកម្មជាប់ក្នុងកំណត់ត្រាពិភពលោកបន្ទាប់ពីនំអន្សមយក្ស និងការរំាម៉ាឌីហ្សុនជាដើម។ តើក្រមាខ្មែរ ដែលបានបំបែកឯតទគ្គកម្មជាប់ក្នុងកំណត់ត្រាពិភពលោក បានបង្ហាញអំពីជនជាតិខ្មែរមានប្រពៃណីដ៍រុងរឿងយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីក្រមាខ្មែរ ដែលកុលបុត្រខ្មែរយើងជំនាន់នេះ បានរៀបចំនិងចាត់ចែងតម្បាញចាប់ពីអំបោះមួយសរសៃ ដល់ច្រើនសរសៃ ហើយដែលមានប្រវែងដែលវែងជាងគេលើពិភពលោក រហូតបានបំបែកឯតទគ្គកម្មជាប់ក្នុងកំណត់ត្រាពិភពលោកនេះ គឺពិតជាបង្ហាញ«អំពីអត្ដសញ្ញាណសម្លៀកបំពាក់ប្រពៃណីដ៏រុងរឿងថ្កើងថ្កានរបស់ខ្មែរ» តំាងពីបុព្វេរៀងមក។ មានន័យថាចំពោះការតម្បាញក្រមានេះ ជាការបង្ហាញយ៉ាងជិតស្និទ្ធរវាងខ្មែរនិងខ្មែរ ដែលចេះជួយគ្នាគឺជាប្រពៃណីដ៏រុងរឿងរបស់ខ្មែរយើងតំាងពីសម័យបុរាណរៀងមក ។
ក្នុងន័យនេះបើនិយាយអំពីសង្គមវិញ ចំពោះអំបោះមួយសរសៃ ដោយចាប់ពីព្រះរាជាម្ចាស់ផែនដី តមកសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី តមកទៀត មន្រ្ដីអ្នកមុខអ្នកការគ្រប់ជាន់ថ្នាក់ រហូតដល់ប្រជាជាតិខ្មែរទូទំាងព្រះនគរនេះ គឺជាការបង្ហាញ«អំពីប្រពៃណី អរិយធម៌ដ៏រុងរឿងក្នុងការរួមសាមគ្គីគ្នា ចេះជួយគ្នារវាងខ្មែរនិងខ្មែរ ដែលមានតំាងពីសម័យព្រេងនាយមក ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងបំផុត»នៃយើង។
បានសេចក្ដីថាចំពោះអត្ថន័យនៃការតម្បាញក្រមានេះ ជាការផ្សារភ្ជាប់គ្នាយ៉ាងជិតសិទ្ធរវាងប្រជាជាតិខ្មែរជាសាច់សារលោហិតតែមួយទូទំាងព្រះនគរហ្នឹងឯង។ ដោយហេតុថាបើនិយាយអំពីមុខងារក្រមានេះ ជាសម្លៀកបំពាក់និងសម្រាប់ប្រើប្រាស់របស់ខ្មែរយើង។ ក្នុងនោះ ក្រមាមានតួនាទីជាសម្លៀកបំពាក់ផង ជាការប្រើប្រាស់ក្នុងកិច្ចការផ្សេងៗរបស់ប្រជាកសិករផង ជាពិសេសពិធីបុណ្យទានផ្សេងៗ សម្រាប់លម្អដោយគេយកមករុំពាក់ឆៀងខ្លួន គួរជាទីសមរម្យនៃសេចក្ដីគោរពសាសនា គឺមិនថាព្រះរាជា ឬមន្រ្ដីអ្នកមុខអ្នកការ ឬអ្នកក្រុង ឬជនបទនោះទ្បើយ។
បើដូច្នេះចំពោះក្រមា ពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់ជនជាតិខ្មែរ ពីព្រោះជាសម្លៀកបំពាក់ខ្មែរតំាងពីសម័យបុព្វេ រហូតដល់បច្ចុប្បន្ននេះ។ បានន័យថាក្រមា ជាសម្ភារៈរបស់ខ្មែរសម្រាប់ប្រើប្រាស់តំាងពីកើត រហូតដល់ស្លាប់គ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈអីចឹងហើយ ទើប «ក្រមាក្លាយជាអត្ដសញ្ញាណជាតិខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍» យើងនេះ។
លោក រត្ន័ សណ្ដាប់ បន្ដថាបើនិយាយអំពីប្រវត្ដិបុព្វបុរសខ្មែរយើងចេះតម្បាញក្រមា មកធ្វើជាសម្លៀកបំពាក់ ឬការប្រើប្រាស់ផ្សេងៗវិញ គឺបុព្វបុរសខ្មែរចេះតម្បាញតំាងពីសម័យ បុរេប្រវត្ដិមកម៉្លេះ។ ចំពោះភស្ដុតាងនេះ គេបានរកឃើញនៅក្នុងការធ្វើកំណាយស្ថានីយ៍ម្លូព្រៃសព្វថ្ងៃស្ថិតក្នុងខេត្ដព្រះវិហារ ជិតទល់ដែនលាវដោយបានរកឃើញ នូវសំណល់ក្បាលត្រល់ដែលមានអាយុកាលតំាងពី២០០ឆ្នាំមុនគ.ស.មកម៉្លេះ។ ហើយបន្ថែមពីលើនេះទៀត យើងឃើញនៅក្នុងសិលាចារិក k.155 ដោយមានពាក្យថា«រង្វែ- Ranvai»មានន័យថា «រវៃ» ដូចជារវៃអំបោះ ឬរវៃសូត្រ ជាដើម។
ជាចុងក្រោយអ្នកជំនាញអារ្យធម៌ខ្មែរ ក៏បានសំណូមពរផងដែរ ដល់ក្រសួងអប់រំ គួរតែបញ្ចូលក្រមា ដាក់ក្នុងកម្មវិធីសិក្សាដើម្បីឲ្យកូនខ្មែរយើងបានដឹងបានស្គាល់អំពីរបៀបតម្បាញ ឬឧបករណ៍តម្បាញ ពីព្រោះកូនខ្មែរទូទៅបានស្គាល់ក្រមា ប៉ុន្ដែពួកគេពុំស្គាល់អំពីឧបករណ៍ ឬរបៀបនៃការតម្បាញនេះទេ៕