(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ២០០០នាក់ និងអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

សម្តេចពិជ័យសេនា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសមាជិកសមាជិកកាបក្ស នៅស្រុកជីក្រែង ខេត្តសៀមរាប និងថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានបន្ដគាំទ្រគណបក្សប្រជាជន។ សម្តេចបានបន្តថា ដើម្បីឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេច បានបញ្ជាក់ថា នៅគ្រប់កាលៈទេសៈណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ។

សម្តេច ទៀ បាញ់ ក៏បានសំណូមពរ សូមឲ្យប្រជាពលរដ្ឋ កុំជឿនូវការឃោសនាអកុសល ការញុះញង់របស់ក្រុមជនអគតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

សម្តេចបានជំរុញដល់សមាជិករបស់គណបក្សប្រជាជន ដែលមានតួនាទី នៅក្នុងជួរមន្ត្រីរាជការ ដូចជាលោកមេឃុំ ចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈ នៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត។

បើតាមសម្តេច កត្តាសំខាន់នោះ គឺផ្សព្វផ្សាយជំរុញដល់យុវជន និងប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា និងបោះជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី២០ មានរូបទេវតាបាចផ្កា ហើយការបោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាការពារ បានសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន។

សម្តេចបន្តទៀតថា ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ រក្សាកុំឲ្យបាត់បង់អត្តសញ្ញាណបណ្ឌរបស់ខ្លួន និងត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និងរួមគ្នាការពារសន្តិសុខសុវត្ថិភាព និងចូលរួមអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និង រួមគ្នាការពារសន្តិភាព និងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ក៏បានបន្តជួបសំណេះសំណាលជាមួយអាជីវករ ក្នុងផ្សារកំពង់ក្តី ស្រុកជីក្រែង ថែមទៀតផងដែរ៕