(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា គោលនយោបាយ ១១ខ របស់គណបក្សប្រជាជនកម្ពុជា គឺជាចក្ខុវិស័យរួម រយៈពេល ៥ឆ្នាំ ដើម្បីជួយលើកកម្ពស់គុណភាពជីវិត និងសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការអះអាងរបស់លោកប្រធាន បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងព្រះ និងឃុំមៀន នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៨០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានបកស្រាយជូនប្រជាពលរដ្ឋអំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។ គោលនយោបាយទាំងអស់នេះ គឺជាទិសដៅផែនការសកម្មភាពចំពោះមុខ ដែលគណបក្សត្រូវអនុវត្តន៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅត្រើយសុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមគ្នានេះ លោកប្រធាន ប៉ាន សូរស័ក្តិ បានឡើងថ្លែងនូវសារនយោបាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលផ្តោតសំខាន់លើស្នាដៃដឹកនាំ និងសមិទ្ធផលធំៗរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕