(កូរ៉េ)៖ លោក ឡុង ឌីម៉ង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំនៅប្រទេសកូរ៉េ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាស បង្កើត និងតែងតាំងសមាសភាពគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងប៊ូសាន គីមហេ សាសាង និងឆាងវ៉ុន ចំនួន១២១នាក់។
នៅក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំនៅប្រទេសកូរ៉េ បានលើកឡើងអំពីប្រវត្តិស្នាដៃ សមិទ្ធិផលធំៗ របស់គណបក្សប្រជាជនកន្លងមក ក្នុងនោះ លោកប្រធានបានលើកឡើងអំពីតួនាទី ភារកិច្ចរបស់សាខាបក្សទាំងអស់ ដែលត្រូវមានភារកិច្ចក្នុងការអនុវត្តការងារនយោបាយ ចាត់តាំង និងសតិអារម្មរណ៍របស់គណបក្ស ការពង្រីក និងពង្រឹងសមាជិកបក្ស និងប្រជាប្រិយ៍ភាពបក្សដើម្បីបំផុសបំផុលផ្សព្វផ្សាយជូនបងប្អូន ជាពិសេសបងប្អូនពលករនៅកូរ៉េ ដែលភាគច្រើនមិនបានទៅបោះឆ្នោតទេនោះ។
ប៉ុន្តែភារកិច្ចរបស់សាខាបក្សទាំងអស់គឺធ្វើយ៉ាងណា ផ្សព្វផ្សាយដល់សមាជិកបក្សទាំងអស់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យផ្ញើរសារ ឬក៏ផ្សព្វផ្សាយទៅបងប្អូនសាច់ញាតិ ក្រុមគ្រួសារមិត្តភ័ក្តិនៅកម្ពុជា ឲ្យនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានអះអាងទៀតថា បច្ចុប្បន្ននេះសាខាគណបក្សប្រជាជនកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េមានទាំង អស់ចំនួន៨សាខា ហើយនឹងមានការពង្រីកបន្ថែមទៀត។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «នាថ្ងៃទី៧ កក្កដា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅក្នុងប្រទេសកូរ៉េ បានប្រកាសសាខាបក្សថ្មីទៀត ចំនួន៤ នៅតំបន់ភាគខាងត្បូង នៅគីមហេ ក្នុងតំបន់ប៊ូសាន ហើយមកទល់ពេលនេះ បានប្រកាសចំនួន៨សាខា ទូទាំងប្រទេសកូរ៉េ និងបន្តប្រកាសបន្តទៀត»។
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។
ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕