(កំពង់ឆ្នាំង)៖ លោក ត្រាំ អ៉ីវតឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ បានដឹកនាំ សមាជិក សមាជិកា៥៨២០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតសម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨។
មុនពេកបើកយុទ្ធនាការដង្ហែក្បួនឃោសនា ស្វែងរកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោក ត្រាំ អ៉ីវតឹក និងសមាជិក សមាជិកា មកពីបណ្តាលឃុំ ក្នុងស្រុកកំពង់លែង បានជួបជុំគ្នានៅស្នាក់ការបក្សស្រុក ដើម្បីរង់ចាំស្តាប់ការផ្សាយបន្តផ្ទាល់នូវសេចក្តីថ្លែងការណ៍ ដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារនយោបាយ និងប្រកាសពីគោលនយោបាយ របស់គណបក្សជូនជនរួមជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍, លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។
ទី២៖ ការពារឯករាជ្យ, អធិបតេយ្យ, បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ, ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់, ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប, ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ ។
ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ, ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងពីអំពើហិង្សាគ្រប់រូបភាព ។
ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព, សន្តិសុខ, ស្ថិរភាព, និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕