(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញតួលេខអំពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលត្រូវបានអនុញ្ញាតឲ្យ ចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណ្តិតទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍របស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
បើតាម គ.ជ.ប អ្នកសង្កេតការណ៍ជាតិមានចំនួន៦៥៧៤៤នាក់ ក្នុងនោះស្រី៣៦៥៤៣នាក់ និងមានអ្នកសង្កេតការណ៍ជាតិលច័តចំនួន៦៧ មានស្រី១៥នាក់ មកពី១០១អង្គការសមាគម ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមសង្កេតការណ៍ នាថ្ងៃបោះឆ្នោត។ ជាមួយគ្នានេះ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិវិញ មានចំនួន៣៧នាក់ ក្នុងនោះស្រី៩នាក់ មកពី៩អង្គការ និងប្រទេស ដែលត្រូវបាន គ.ជ.ប អនុញ្ញាតឲ្យចូលរួមសង្កេតការណ៍នាថ្ងៃបោះឆ្នោត។
ដោយឡែក អ្នកសង្កេតការណ៍ជាតិចំនួន៤៥២៥នាក់ ក្នុងនោះស្រី២១៩១នាក់ មកពី៩អង្គការ និងសមាគម ព្រមទាំងអ្នកសង្កេតការណ៍ជាតិចល័តចំនួន១០នាក់ ស្រីម្នាក់ ត្រូវបាន គ.ជ.ប បាននិងកំពុងពិនិត្យ។ ហើយសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិវិញមានចំនួន១១នាក់ ក្នុងនោះស្រី៦នាក់ មកពីអង្គការ និងប្រទេស ក៏ត្រូវបាន គ.ជ.ប កំពុងពិនិត្យផងដែរ៕