(ភ្នំពេញ)៖ ក្នុងឱកាសបើកយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ អាណត្ដិទី៦ លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដានេះ បានចុះសំណេះសំណាលជាមួយប្រជាជន នៅតាមខ្នងផ្ទះ ដែលរស់នៅក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងណែនាំប្រជាជន អំពីគោលនយោបាយរបស់គណបក្សផងដែរ ។
ព្រមជាមួយគ្នានោះ លោក ម៉ម ប៊ុនហេង ក៏បានណែនាំអំពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ បន្ថែមពីនោះ លោកបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះ ឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោត។
លោក ម៉ម ប៊ុនហេង បានពន្យល់ពីកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣របស់គណបក្សប្រជាជនកម្ពុជា ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាព របស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ ជូនចំពោះប្រជាជនដោយផ្ទាល់នៅតាមខ្នងផ្ទះនីមួយៗ។
ក្នុងឱកាសនោះ បងប្អូនប្រជាជននៅក្នុងសង្កាត់គោកឃ្លៀង ពួកគាត់ក៏បានគាំទ្រ និងអរគុណដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ដែលតែងតែខិតខំប្រឹងប្រែង ទាំងយប់ថ្ងៃ ដើម្បីរកយុទ្ធសាស្ដ្រ ក្នុងការរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែប្រសើរ ពិសេសបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការស្វែងរកដៃគូវិនិយោគិនពីក្រៅស្រុក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឲ្យសម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ប្រកបដោយចីរភាព និងកាត់បន្ថយអត្រាភាពក្រីក្រផងដែរ៕