(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាជាង២,០០០នាក់ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នេះ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានពន្យល់ពីការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំស្វែងរក និងការពារសុខសន្តិភាព រក្សាស្ថិរភាពនយោបាយ ខិតខំអភិវឌ្ឍន៍លើគ្រប់វិស័យ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេសបានទប់ស្កាត់គម្រោងការក្បត់ជាតិ របស់អតីតបក្សសង្គ្រោះជាតិ ការពារសន្តិភាពក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលា។
សម្តេច ទៀ បាញ់ ក៏បានដាស់តឿនដល់ប្រធាន អនុប្រធានក្រុមបក្ស សាខាបក្សភូមិ គណបក្សប្រជាជនកម្ពុជា ត្រូវយកចិត្តទុកដាក់កៀរគរសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឱ្យពួកគាត់ទៅបោះឆ្នោតជ្រើសតំណាងរាស្ត្រឱ្យបានគ្រប់ៗគ្នា ដើម្បីប្រឆាំងតបទៅនឹងការញុះញង់ របស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលឃោសនារារាំង មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។
លើសពីនេះ សម្តេចពិជ័យសេនា បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ពិសេសត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬក៏ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើដល់ការបោះឆ្នោត ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោត នាពេលខាងមុខ៕