(ព្រះវិហារ)៖ ដើមឈើប្រណិត និងដើមឈើហូបផ្លែចំនួន៤០១១ដើម ត្រូវបានយកទៅដាំនៅលើផ្ទៃដីប្រមាណ២,៤ហិកតា នៅក្នុងពិធីបុណ្យរុក្ខទិវា៩ កក្កដា ឆ្នាំ២០១៨ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នាឆ្នាំនេះ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដាអភិបាលខេត្តព្រះវិហារ, លោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ, អ្នកគ្រូ, ប្រជាពលរដ្ឋ, និងសិស្សានុសិស្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានប្រាប់អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវបំផុសការដាំដើមឈើឡើងវិញ នៅតាមទីសាធារណៈនានា តាមវត្តអារ៉ាម និងកន្លែងធ្វើការ ហើយត្រូវចេះស្រឡាញ់ដើមឈើ ដោយចូលរួមថែរក្សា និងដាំដុះឡើងវិញកន្លែងដែលមានការរេចរិល។

លោក អ៊ុន ចាន់ដា បានលើកឡើងទៀតថា ឆ្លងកាត់សង្រ្គាមជាច្រើនឆ្នាំកន្លងមកនេះ ព្រៃឈើក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ ដែលចំណុចនេះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាពដែលមានស្រាប់នៅកម្ពុជា ក្រោមការដឹកនាំ ដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ឲ្យបានគង់វង្ស យូរអង្វែង ពិសេសដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍ លើគ្រប់វិស័យជាបន្តទៅទៀត។

បើតាមលោក អ៊ុន ចាន់ដា ត្រូវប្រឆាំង និងទប់ស្កាត់កុំឲ្យសង្គ្រាមកើតមកម្តងទៀត លើទឹកដីកម្ពុជា និងកុំជឿតាមការញុះញ៉ង់ ការសន្យាបោកប្រាស់ របស់ជនអគតិមួយចំនួនឲ្យសោះ។ លោកក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បន្តទៀត។

លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ឆ្នាំនេះក៏ដូចជាឆ្នាំកន្លងមក បុណ្យរុក្ខទិវា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ តែងរួមគ្នាដាំដើមឈើឡើងវិញ ក្នុងទិសដៅបំផុស និងលើកទឹកចិត្តប្រជាពលរដ្ឋស្រឡាញ់ដើមឈើ និងកុំកាប់ បំផ្លាញព្រៃឈើតទៅទៀត ព្រោះព្រៃឈើវាមានសារៈសំខាន់ មានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយនឹងជីវិតសត្វគ្រប់ប្រភេទរួមទាំងមនុស្សយើងផងដែរ។

លោកបន្តទៀតថា ឆ្នាំនេះ នៅខេត្តព្រះវិហារ បាននាំកូនឈើប្រណិត និងដើមឈើហូបផ្លែសរុប ៤០១១ដើមរួមមាន ដើមគ្រញូង បេង ធ្នង់ នាងនួន ឈើទាល និងដើមឈើហូបផ្លែជាច្រើនមុខទៀត ជាមួយគ្នានេះដែរក៏មានការចែកកូនឈើហូបផ្លែ ដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕