(ភ្នំពេញ)៖ លោក ផៃ ផានី ប្រធានក្រុមការងារចុះពង្រឹងគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី ហ៊ុន ចាន់ថុល ក្មួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៨ នៅក្នុងភូមិទួលកពពែរ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើពិធីសំណេះសំណាល ជាមួយសមាជិករបស់គណបក្សសង្គ្រោះជាតិ ដែលសុំរួមរស់ជីវភាពនយោបាយជា មួយសមាជិកគណបក្សកម្ពុជាចំនួន៥០០នាក់។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងថ្នាក់ពង្រឹងក្រុមការងារ ប្រចាំមូលដ្ខាន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។
ក្នុងធីសំណេះសំណាលនាពេលនេះ លោក ផៃ ផានី បានលើកឡើងថាបងប្អូន ដែលបានចុះចូលជាសមាជិក ចំនួន ៥០០គ្រួសារ តាមមូលដ្ឋានសង្កាត់ ក្នុងខណ្ឌឫស្សីកែវ នាពេលនេះ គឺជាឆន្ទះពិតប្រាកដរបស់បងប្អូនដោយផ្ទាល់ ដោយមិនមានការបង្ខិតបង្ខំ ឬមានការគំរាមកំហែងក៏ដូចជាការផ្តល់នូវ លាភសក្ការនោះទេ តែផ្ទុយទៅវិញ បងប្អូនបានមើលឃើញ និង ជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋមាន ការជឿជាក់លើសម្តេចតេជោ ដែលជា ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ចាប់តាំងពីអណត្តិទី១រហូតអណត្តិទី៥ និងអណត្តិបន្តៗទៀត។
លោក ផៃ ផានី បានបញ្ជាក់បន្ថែមថា ការចូលជាសមាជិកថ្មី របស់បងប្អូនប្រជាពលរដ្ឋទាំងអស់នេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលអាច ឈានទៅរកភាពជោគជ័យយ៉ាងលើសលប់នៅថ្ងៃបោះឆ្នោតខាងមុខ ពីព្រោះថាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ម្នាក់ៗគឺជាសម្លេងឆ្នោត មួយសម្លេង នៃសន្លឹកឆ្នោតដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ។
ជាមួយគ្នានេះដែរ សមាជិកថ្មីរបស់គណបក្សប្រជាជន បានឡើងប្តេជ្ញាចិត្តថា «ពួកយើងទាំងអស់គ្នា បានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជននាពេលនេះ គឺពួកខ្ញុំទាំងអស់គ្នាចូល ស្មគ្រ័ចិត្តចូលដោយខ្លួនឯង មិនមានការទិញដូរ ឬក៏មាននរណាម្នាក់មកផ្តល់លាភសក្ការះជូនដល់ពួកខ្ញុំឡើយ ។ ដោយពួកខ្ញុំបានមើលឃើញអស់រយៈកាលកន្លងមក ដែលពួកខ្ញុំបាន រួមរស់ជាមួយគណបក្សផ្សេង ហាក់បីដូច មិនមានផលប្រយោជន៍ ក្នុងការទ្រទ្រង់ ក្នុងមូលដ្ឋានរបស់ពួកខ្ញុំទាល់តែសោះ ម្យ៉ាងវិញទៀតពួកខ្ញុំទាំងអស់គ្នាបានចាញ់បោកនូវនយោបាយបោកប្រាស់របស់គណបក្សទាំងនោះដោយមិនដឹងខ្លួនទៅវិញ ហេតុដូចនេះទើបពួកខ្ញុំទាំង៥០០គ្រួសារ សុំមករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែករក្សាសន្តិភាព និង ការអភិវឌ្ឍន៍បន្តទៀត »។
បន្ថែមពីលើនោះ លោក ផៃ ផានី ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីគាំទ្រគណបក្សប្រជាជន ដឹកនាំប្រទេសរីកចំរើនបន្ថែមទៀត៕