(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថែ្លងថា យើងនៅតែបន្ដលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ តាមរយៈបង្កើ​នគុណភាព សមត្ថភាព និងអគារព្យាបាលកាន់តែស្អាត ពិសេសគឺឧបករណ៍ទំនើបទាន់សម័យជាច្រើនសម្រាប់ព្យាបាលជូនបងប្អូនយើង ។

លោកសាស្ដ្រាចារ្យ បានថ្លែងបែបនេះ ក្នុងឱកាស បានធ្វើឡើងក្នុងឱកាសបើកឲ្យដំណើរការជាថ្មី ផ្នែកមជ្ឈមណ្ឌលព្យាបាលជំងឺតម្រងនោម នៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត នៅដើមខែកក្កដានេះ ។

លោកសាស្ត្រាចារ្យ ស៊ា ហួង បានបន្ដថា «តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល យើងតែងតែអនុវត្ដន៍ជាប់ជានិច្ច ពិសេសការព្យាបាលជូនប្រជាពលរដ្ឋ ដោយមិនមានស្ដង់ដា២នោះទេ មាន​ន័យថា បងប្អូនដែលមកព្យាបាលគ្រប់មន្ទីរពេទ្យរដ្ឋ គឺគ្រូពេទ្យផ្ដល់សេវាព្យាបាល ដូចៗគ្នាទាំងអស់ ដោយមិនប្រកាន់អ្នកមាន អ្នកមធ្យម អ្នកក្រនោះទេ គឺស្មើៗគ្នាទាំងអស់ ពិសេសអ្នកក្រ គឺព្យាបាលឥតបង់លុយតែម្ដង ដោយរាល់ការចំណាយតាមរយៈកម្មវិធីសមធម៌របស់រាជរដ្ឋាភិបាល»

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ឡាំ កោនវិន នាយកផ្នែក ជំងឺតម្រងនោម បានថ្លែងថា «ក្នុងនាមយើងជាគ្រូពេទ្យ បានយកចិត្ដទុកដាក់ខ្ពស់ណាស់ លើការព្យាបាលអ្នកជំងឺ ដោយការព្យាបាលស្មើៗគ្នា ដោយមិនបានបែងចែកអ្នកមាន អ្នកក្រនោះទេ ដូចនេះ បានជានៅមន្ទីរពេទ្យយើង ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលមានការកើនឡើងជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង ជំងឺតម្រងនោមនេះ គឺក្នុងមន្ទីរពេទ្យយើងមានគ្រែចំនួន៦០តែប៉ុណ្ណោះ តែអ្នកជំងឺក្នុងមួយថ្ងៃៗ គឺមានដល់តែ៩៨% ពេលខ្លះលើស១០០%ទៀត ហើយក្នុងមួយខែយើងទទួលអ្នកជំងឺថ្មី១៨០ ដូច្នេះក្នុងមួយឆ្នាំជិត២ពាន់នាក់ ។ដូច្នេះយើងនឹងពង្រឹងទាំងគុណភាព និងសមត្ថភាព និងបន្ទប់ព្យាបាលបន្ថែមទៀត»

ព្រមជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងផងដែរ «ជាទូទៅនៅមន្ទីរពេទ្យយើងមានទទួលសេវាព្យាលជំងឺគ្រប់មុខទាំងអស់ ប៉ុន្ដែយើងក៏បានព្យាបាលអភិវឌ្ឍឲ្យបានកាន់តែល្អ ដើម្បីផ្ដល់នូវគុណភាពផ្ដល់សេវា និងថែទាំអ្នកជំងឺឲ្យបានដិតដល់ ហើយអគារព្យាបាល គឺយើងតែងតែកែលំអរសម្អាតឲ្យបានថ្មី ដើម្បីព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ដោយផាសុកភាព ហើយអគារព្យាបាលជំងឺតម្រងនោម យើងនឹងពង្រីកទៅឲ្យមណ្ឌលព្យាបាលមួយសម្រាប់ព្យាបាល ជំងឺទឹកនោមផ្អែមនេះ ។ក្នុងនោះយើងក៏កំពុងតែ ឈានទៅមួយជំហ៊ាន គឺការដូរក្រលៀន បន្ថែមថែមទៀត»

លោកសាស្ដ្រាចារ្យ បន្ដថា លោក និងក្រុមគ្រូពេទ្យ មន្ដ្រីរាជការទាំងអស់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធផល ក្នុងការបង្កើនទាំងសមត្ថភាព និងការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ឲ្យកាន់ប្រសើរថែមទៀត ៕