លោក ស៊ុន ចាន់ថុល ដឹកនាំសមាជិក និងអ្នកគាំទ្របក្សប្រជាជនកម្ពុជា ស្រុកកោះធំ ជាង១ម៉ឺននាក់ចេញយុទ្ធនាការ ឃោសនារកសំឡេង
07-07-2018 18:54
(កណ្តាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងស្រុកកោះធំ មានការអញ្ជើញចូលរួមពីក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុក ឃុំ ភូមិ គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ សមាជិកគណបក្សមូលដ្ឋានសរុប ១១,៥០០នាក់។ ពិធីបើកយុទ្ធនាការនេះ មានមធ្យាបាយធ្វើដំណើររថយន្ត ៣២៤គ្រឿង ម៉ូតូមានចំនួន ៣,៨០០ម៉ូតូ និងកង់សណ្តោងស្លាកគណបក្សចំនួន ៥០កង់។
បន្ទាប់ពីអង្គមីទ្ទីងស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចហើយនោះ លោក ស៊ុន ចាន់ថុល បានផ្តាំផ្ញើរដល់ក្រុមអ្នកគាំទ្រដែលបានចូលរួមហែក្បួន រក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងត្រូវមានភាពចាស់ទុំនយោបាយ គោរពច្បាប់ចរាចរណ៍ មិនប្រើប្រាស់អំពើហិង្សា មានការអធ្យាស្រ័យខ្ពស់ និងអត់ធ្មត់ខ្ពស់។
លោក ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យមហាគ្រួសារបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងផ្សព្វផ្សាយគោលនយោបាយ ក៏ដូចជាសមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជាប្រាប់ប្រជាជននៅតាមខ្នងផ្ទះនីមួយៗឲ្យបានជ្រាប និងសុំឲ្យពួកគាត់ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសឲ្យកាន់តែរីកច្រើនថែមទៀត៕