(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ នៅទូទាំង១៨ឃុំ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ មានរៀបចំពិធីអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលមានសមាជិក សមាជិកា គណបក្សប្រជាជនប្រមាណ ២ម៉ឺននាក់ចូលរួម ដោយចែកចេញជា០៥មណ្ឌល ដែលមានតំណាងក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ ចូលរួមជាអធិបតី ដូចជាលោក ទិត ចន្ថា លោក ជា បូរ៉ា លោក ប៉ាក់ សុខុម លោក វ៉ាត់ ចំរើន និងលោក ហាក់ ម៉ុងហួត។
ក្នុងឱកាសពិធីជួបជុំដ៏មហោឡារឹកនេះ សមាជិក សមាជិកានៃអង្គពិធីទាំងមូលមានសេចក្តីសប្បាយរីករាយក្រៃលែង ដោយបានស្តាប់ នូវប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅកោះពេជ្រ រាជធានីភ្នំពេញ។
សមាជិក សមាជិកាគណបក្សប្រជាជនស្រុកបារាយណ៍ បានគាំទ្រទាំងស្រុងនូវកម្មវិធី និងគោលនយោបាយរបស់គណបក្ស ក្នុងការបន្ត ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ នាំមកនូវសន្តិភាព ការបង្រួបង្រួម ជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានធ្វើឲ្យមន្រ្តីរាជការ កម្មករ កម្មការីនី និងប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធាប្រសើរឡើងជាលំដាប់។
សមាជិក សមាជិកានៃអង្គពិធីបានប្តេជ្ញាចូលរួមថែរក្សានូវស្នាដៃ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនបានកសាងឡើង និងបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។
បន្ទាប់ពីការបញ្ចប់ការចាក់ផ្សាយប្រសាសន៍សម្តេចតេជោ ហ៊ុន សែន រួចមក គណៈអធិបតីនៃអង្គពិធីបានឡើងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកបារាយណ៍ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតនាថ្ងៃដំបូងនេះ។
គណៈអធិបតី ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សទាំងអស់ត្រូវត្រៀមលក្ខណៈ និងឯកសារបម្រើដល់ការបោះឆ្នោតឲ្យបានគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី២០ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់៕