(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធាន គណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណ៥៥០០នាក់ បើកយុទ្ធនាការ និងហែក្បួនឃោសនាបោះឆ្នោត នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦។
មុនពេលបើកយុទ្ធនាការដង្ហែក្បួនឃោសនា ស្វែងរកសំឡេងឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លោក វង្សី វិស្សុត, យុវជនបក្ស និងសមាជិក-សមាជិកាបក្សមកពីតាមបណ្តាឃុំទាំង៧ ក្នុងស្រុកមុខកំពូល បានជួបជុំគ្នានៅទីស្នាក់ការបក្ស ស្រុកមុខកំពូល នៅម៉ោង ៦៖៣០នាទីព្រឹក ដើម្បីរង់ចាំស្តាប់ការផ្សាយបន្តផ្ទាល់ នូវសេចក្តីថ្លែងការណ៍ ដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារនយោបាយ និងប្រកាសពីគោលនយោបាយ របស់គណបក្សជូនជនរួមជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិ លើ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ ។ កម្មវិធីនយោបាយនេះបានកំណត់គោលដៅធំៗជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី ១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍, លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។
ទី ២៖ ការពារឯករាជ្យ, អធិបតេយ្យ, បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ, ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
ទី ៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់, ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប, ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ ។
ទី ៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ, ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងពីអំពើហិង្សាគ្រប់រូបភាព ។
ទី ៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព, សន្តិសុខ, ស្ថិរភាព, និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕