(កំពត)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោកប៉ែន ស៉ីម៉ន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងលោក ជាវ តាយ សមាជិកកណ្តាលគណៈ

កម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជកម្ពុជា ក្នុងស្រុកទឹកឈូ ក្រុងកំពត ១៦០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨។ ពិធីដង្ហែក្បួនឃោសនាបោះឆ្នោត បានជួបជុំប្រមូលផ្តុំគ្នា នៅរង្វង់មូលធុរេនខេត្តកំពត។

មុនពេលបើកយុទ្ធនាការដង្ហែក្បួនឃោសនា ស្វែងរកសំឡេងឆ្នោតនោះ ថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ បានជួបជុំគ្នាដើម្បីស្តាប់ សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារនយោបាយ និងប្រកាស ពីគោលនយោបាយរបស់បក្ស ជូនជនរួមជាតិនាព្រឹកមិញនេះ សម្រាប់អាណត្តិទី៦។

ដោយឡែក ក្នុងថ្ងៃនេះផងដែរ នៅតាមបណ្តាស្រុកចំនួន ៦ផ្សេងទៀតក្នុងខេត្តកំពត ក៏បានបើកយុទ្ទនាការឃោសនារកសម្លេងឆ្នោត ដែលធ្វើឡើងក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ។

លោក ឌួង សុវ៉ាន់ ប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានឲ្យដឹងថា ក្នុងថ្ងៃទី៧នេះ មានសមាជិក សមាជិកា គណបក្សប្រជាជកម្ពុជា ក្នុងទូទាំងខេត្ត ប្រមាណជាង ៤៩០០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងនោះមានរថយន្តដង្ហែ ៨០០គ្រឿង និងម៉ូតូ ៥៣០០គ្រឿង៕