(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្នងការដ្ឋានខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានឆ្មក់ចូលក្នុងផ្ទះសំណាក់យីហោ «ចន្ទរះ» និងបានបង្ក្រាបក្រុមអ្នកញៀនល្បែងមួយក្រុម ដែលយកទីតាំងនេះធ្វើជាកន្លែង លេងល្បែងយ៉ាងរំភើយរាប់ឆ្នាំ តែថ្ងៃនេះ ត្រូវបានបង្ក្រាប និងបង្ហាញមុខក្រុមអ្នកញៀនល្បែងស៊ីសង ល្មើសទាំងនេះ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីបង្ក្រាបក្រុមញៀនល្បែងនេះមានមនុស្សច្រើនណាស់ ក៏ប៉ុន្តែបានរត់គេចខ្លួនអស់ ហើយកម្លាំងនគរបាលបានឃាត់បានមនុស្សចំនួន០៤ នាក់៖ ទី១-ឈ្មោះ ចាន់ សីហា អាយុ៣១ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅភូមិត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ,ទី២-ឈ្មោះ ឈាង ស៊្រឺ អាយុ៥៤ឆ្នាំ ជាអ្នកលេង, ទី៣-ឈ្មោះ រិន ចាន់តារា អាយុ២៥ឆ្នាំ អ្នកលេង, និងទី៤-ឈ្មោះ មួង ចាន់ថន អាយុ៣៨ឆ្នាំ ជាអ្នកលេង។
លោកស្នងការបានបន្ថែមថា តាមការដកហូតបានវត្ថុតាង នៅផ្ទះសំណាក់យីហោ «ចន្ទរះ» មានមនុស្សពពាក់ពពូនលេងល្បែងរាល់ថ្ងៃ និងមានការប្រមូលផ្តុំលេងយ៉ាងធំៗ រាល់ថ្ងៃ ព្រមទាំងមានការលាក់បាំងពីសមត្ថកិច្ចផងដែរ។
លោកស្នងការបញ្ជាក់ទៀតថា ក្រោយបែកការដឹងថាសមត្ថកិច្ចចុះបង្រ្កាប ក្រុមអ្នកលេងល្បែងបានរត់ និងគេខ្លួនបាត់អស់ តែកម្លាំងបានដកហូតបាន ម៉ូតូចំនួន១០គ្រឿង មេអាប៉ោង បៀរ កម្រាលលេង ស្បែងជើងជាច្រើនគូ ដែលបញ្ជាក់បានថាមានមនុស្សលួចលេងជាច្រើននាក់ក្នុងមួយថ្ងៃៗ។
ក្រោយការបង្ក្រាបហើយ មានប្រភពមួយបានបង្ហើបថា មានអ្នករត់ការខ្វែងខ្វាត់ដើម្បីអន្តរាគមន៍ សុំដោះជនសង្ស័យឲ្យបាននៅក្រៅឃុំផងដែរ៕