(ព្រះវិហារ)៖ ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបាននាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ ស.អ.ក ស្រុក ឃុំអាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគល់ដល់គ្រួសារអតីតយុទ្ធជន ដែលជាគ្រួសារពលីរស់នៅភូមិរំចេក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ។ នៅក្នុងពិធីនោះក៏មានពិធីសំណេះសំណាលជាមួយ គ្រួសារអតីតយុទ្ធជនចំនួន៣០គ្រួសារ និងលោកយាយលោកតាចាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងគ្រប់ៗរូប។ លោកបានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក្ខបងប្អូនអតីតយុទ្ធជន គឺជាជនដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ បើគ្មានបងប្អូនអតីតយុទ្ធជនទេមកដល់ពេលនេះ ប្រទេសជាតិក៏គ្មានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ។
ដូច្នេះដើម្បីតបស្នងសងគុណចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន បានបង្កើតសមាគមអតីតយុទ្ធជនកម្ណុជា ដែលក្នុងនោះលោកបានឈរឈ្មោះជាប្រធានសមាគមថែមទៀតផង។ ជាមួយគ្នានោះ លោកបានគិតគូរដល់បងប្អូនអតីតយុទ្ធជនយើង តាមរយៈការតម្លើងប្រាក់បៀវត្សរ៍សមរម្យ ប្រគល់ផ្ទះ និងដីលំនៅដ្ឋាន ដីបង្កបង្កើនផលជូនទៀតផង។
ជាក់ស្តែងថ្ងៃនេះ ផ្ទះមួយខ្នងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ដែលជាគ្រួសារពលីដូចដែលយើងទាំងអស់គ្នា បានឃើញស្រាប់។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនយើងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចដឹកនាំប្រទេសនៅអាណត្តិទី៦ទៀត។
លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា មេបញ្ជាការរងយោធភូមិភាគទី៤ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឲ្យដឹងថា គ្រួសារអតីតយុទ្ធជន១គ្រួសារដែលទទួលបានផ្ទះ១ខ្នង ពីសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ មានឈ្មោះ បាន គន្ធា ភេទស្រី អាយុ៤៥ឆ្នាំ ជាគ្រួសារពលី រស់នៅភូមិឃុំខាងលើ ទទួលបានផ្ទះទំហ៊ំ ៦មx៨ម ធ្វើអំពីឈើប្រក់សង្ក័សីចំណាយថវិការអស់៩៥៨០០០០រៀល និងបានឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
លោក ចន្ទ័ សុភក្ត្រ័ា បានបន្តថា បច្ចុប្បន្ននេះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានខិតខំស្រាវជ្រាវកមុខសញ្ញាបងប្អូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ ដើម្បីយើងបានជួយពួកគាត់បានទាន់ពេលវេលា។ នៅក្នុងពិធីនោះ ក៏បានឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនចំនួន៣០នាក់ ក្នុងម្នាក់ៗថវិកា១០០០០រៀល និងសារ៉ុង១ និងលោកតាលោកយាយ១០នាក់ក្នុងម្នាក់ៗទទួលបានក្រម៉ា១និងថវិការ១០០០០រៀលផងដែរ៕