(កំពង់ធំ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងក្រសួងទេសចរណ៍បានរួមគ្នា ដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងទៀតស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការទទួលបានទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះនឹងផ្តល់ទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង ១,១៤០ នាក់ និងប្រជាពលរដ្ឋប្រមាណជាង១,៨៦៨នាក់ ដែលរស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ ។
នេះគឺជាប៉មចម្រោះទឹកស្អាតទី៧ហើយ ដែលត្រូវបានដំឡើងដោយក្រុមហ៊ុនកូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ៨ ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ និង២០១៧ កន្លងទៅ ក្រោមកិច្ចសហការជាមួយមូលនិធិ Planet Water ។ ក្រុមហ៊ុនកូកា-កូឡានឹងបន្តផ្តល់ប៉មចម្រោះទឹកស្អាតចំនួន១ បន្ថែមទៀតនៅ សម្រាប់គំរោងឆ្នាំ ២០១៨នេះ ហើយគំរោងសាងសង់ប៉មចម្រោះទឹកស្អាតជាច្រើនទៀតនឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខទៀត។
នៅក្នុងពិធីសម្ពោធ ដែលមានការចូលរួមជាភ្ញៀវកិតិ្តយសពី លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ «ការផ្តួចផ្តើមនូវគំរោងទឺកស្អាតមួយនេះរបស់ក្រុមហ៊ុនកូកា-កូឡា ដែលជាក្រុមហ៊ុនវិនិយោគផ្នែកឧស្សាហកម្មភេសជ្ជៈដ៏ធំមួយរបស់សហរដ្ឋអាមេរិច គឺមិនត្រឹមតែបង្ហាញនូវការរួមចំណែករបស់ក្រុមហ៊ុន ក្នុងសកម្មភាពសង្គម (Corporate Social Responsibility / CSR) ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការបន្តជឿជាក់លើឱកាសវិនិយោគរបស់ក្រុមហ៊ុនដ៏ធំមួយនេះនៅកម្ពុជា និងការជឿទុកចិត្តលើបរិយាកាសសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយដែលរួមចំណែកបង្កើតការងារដោយផ្ទាល់ និងប្រយោលរាប់ពាន់នាក់ដល់ប្រជាពលរដ្ឋកម្ពុជា។ លោក រដ្ឋមន្រ្តី សូមអបអរសាទរចំពោះក្រុមហ៊ុន ដែលមានរោងចក្រថ្មី ជាសមិទ្ធផលថ្មី មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លើផ្ទៃដីដ៏ធំប្រមាណ១២,៥ ហិចតា ហើយត្រូវបានចាត់ជារោងចក្រទំនើបថ្មី មួយបំផុតនៅតំបន់អាស៊ី។ ការវិនិយោគថ្មីនេះបាន ចូលរួមចំណែកអភិវឌ្ឍវិស័យចំណីអាហារ និងភេសជ្ជៈនៅកម្ពុជា (Food and Beverage) ប្រកបដោយស្តង់ដារអន្តរជាតិ សំដៅបំរើតម្រូវការអតិថិជនជាតិ និងអន្តរជាតិ ពិសេសរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាជារួមផងដែរ» ។
លោកនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា លោក David Wigglesworth បានថ្លែងថា កូកា-កូឡាមានមោទនភាពដែលជាផ្នែកមួយនៃ សង្គមកម្ពុជា អស់រយៈពេលជាង២៥ឆ្នាំមកហើយ ហើយ កូកា-កូឡា ប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយនិរន្តភាព តាមរយៈគំនិត ផ្តួចផ្តើមគំរោងទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយនិរន្តភាពនេះ ។
លោកបានបន្តថា ក្រុមហ៊ុនកូកា-កូឡា មានគោលបំណងផ្តល់ទឹកត្រឡប់ទៅសហគមន៍និងធម្មជាតិវិញ នូវបរិមាណទឹក ដែលបានប្រើប្រាស់ក្នុងការផលិតភេសជ្ជៈសំរេចរបស់យើង ។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៦ និង២០១៧កន្លងទៅនេះ យើងបានសាងសង់ប៉មចម្រោះ ទឹកស្អាតចំនួ០៨គ្រឿង និងបានផ្តល់ទឹកស្អាតចំនួន៤,៧លានលីត្រ(បួនលានប្រាំពីរសែនលីត្រ)សំរាប់ប្រជាសហគមន៍ប្រមាណជាង ២០,០០០នាក់ (ពីរម៉ឺននាក់) តួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើងទ្វេរដងក្នុងឆ្នាំនេះ ដោយការដំឡើងប៉មចម្រោះទឹកស្អាតចំនួន៨បន្ថែមទៀត ៕