(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំ​សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា​៦,៥០០នាក់ ក្នុងខេត្តស្ទឹងត្រែង ​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ជាលើកដំបូង ដែលធ្វើ​នៅទីធ្លាសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។

មុនពេលបើកយុទ្ធនា ការដង្ហែក្បួនឃោសនា ស្វែងរកសំឡេងឆ្នោតនោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ទាំងអស់​បានជួបជុំគ្នា ដើម្បីស្តាប់សេចក្តីថ្លែងការណ៍ របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបានផ្ញើសារនយោបាយ និងប្រកាសពីគោលនយោបាយរបស់បក្ស ជូនជនរួមជាតិ​សម្រាប់អាណត្តិទី៦នេះ។

ថ្លែងនៅក្នុងពិធីនេះ លោក ឡូយ សុផាត បានអំពាវនាវឲ្យសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តស្ទឹងត្រែង អញ្ជើញទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ក្នុងការទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ជាមួយគ្នានឹងការបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីដំបូង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាព របស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖

ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។

ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។

ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។

ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕​