(តាកែវ)៖ បន្ទាប់ពីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ រួចមក លោកបណ្ឌិត ពេជ សោភ័ន សហប្រធានការក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស់ ខេត្តតាកែវ រួមនិងក្រុមការងារបានអញ្ជើញ ចុះទៅជួបជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅឃុំចំនួន៤គឺ ឃុំចារ ឃុំស្នោរ ឃុំបានកាម ឃុំពោធិ៍រំចាក និងឃុំចំប៉ារ។

ថ្លែងនៅក្នុងឱកាសចុះជួបជាមួយសមាជិក គណបក្សប្រជាជនកម្ពូជា លោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវឲ្យសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ ហើយសម្ដេចនិងធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតជាក់ជាពុំខាន។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិ លើ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ ។ កម្មវិធីនយោបាយនេះបានកំណត់គោលដៅធំៗជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖

ទី ១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍, លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។

ទី ២៖ ការពារឯករាជ្យ, អធិបតេយ្យ, បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ, ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។

ទី ៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់, ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប, ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ ។

ទី ៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ, ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងពីអំពើហិង្សាគ្រប់រូបភាព ។

ទី ៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព, សន្តិសុខ, ស្ថិរភាព, និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕