(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៖៤៥នាទីរសៀល ខ្លួនបានធ្វើការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F17) មូលហេតុមានរថយន្តចាក់ដី បើកប៉ះបង្គោលបណ្តាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យបាក់មួយដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១) ផ្លូវទំនប់កប់ស្រូវ ភូមិម្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (២) ភូមិស្រែរាជ្ជៈ ភូមិគោកព្រេចចំការស្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនប្រើប្រាស់ឡើងវិញ វេលាម៉ោង១៧៖០០នាទីល្ងាច។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕