(រតនគិរី)៖ លោក ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកា​ របស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមមូលដ្ឋានទូទាំងខេត្ត ដែលមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់។

ថ្លែង​ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងពិធីអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោក ថង សាវុន បានប្តេជ្ញាចិត្តអនុវត្តឲ្យបាននូវគោលនយោបាយជាយុទ្ធសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញសម្រាប់ ឆ្នាំ២០១៨-២០២៣ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គម ឲ្យកាន់តែខ្លាំងក្លាថែមទៀត​។​

លោក ថង សាវុន ក៏បានប្តេជ្ញាចិត្តឥតងាករេក្នុងការដឹកនាំ និងអភិវឌ្ឍន៍ខេត្តរតនគិរី ឲ្យទៅជាខេត្តមួយដែលពោពេញដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ មានសោភណ្ឌភាព មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ជំរុញទីផ្សារកសិផល និងកែប្រែជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង តាមរយៈការកសាងបណ្តាញទឹក ភ្លើង និងផ្លូវគមនាគមន៍ ឲ្យបានដល់គ្រប់មូលដ្ឋានប្រជាពលរដ្ឋ​។

ជាមួយគ្នានឹងការបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីដំបូង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាព របស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖

ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។

ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។

ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។

ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕