(មណ្ឌលគិរី)៖ សម្រាប់ថ្ងៃដំបូងនៅថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៨នេះ សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងខេត្តមណ្ឌលគិរី ប្រមាណ១០០០នាក់ អមដោយមធ្យោបាយ ជារថយន្ត១៥៣គ្រឿង និងម៉ូតូ៥១១គ្រឿង បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
លោក គិន ជាន ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា សម្រាប់ខេត្តមណ្ឌលគិរី មានគណបក្សនយោបាយចំនួន១០ ដែលមកពីគណបក្សផ្សេងៗគ្នា ដើម្បីធ្វើការប្រកួតប្រជែងឃោសនារកសម្លេងឆ្នោត ក្នុងឱកាសយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។
លោក គិន ជាន បានបន្តថា គណបក្សនយោបាយទាំង១០ ដែលចូលរួមឃោសនារកសម្លេងឆ្នោត នៅក្នុងខេត្តរតនគិរីនេះរួមមាន៖ ទី១៖ គណបក្សខ្មែររួបរួមជាតិ, ទី២៖ គណបក្សសញ្ជាតិកម្ពុជា, ទី៣៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ទី៤៖ គណបក្សខ្មែរឈប់ក្រ, ទី៥៖ គណបក្សហ៊្វុនស៊ិនប៉ិច ទី៦ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ទី៧៖ គណបក្ស ឆន្ទៈខ្មែរ ទី៨ គណៈបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ទី៩ គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ និងទី១០ គណបក្សប្រជាជនកម្ពុជា។
ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានឱ្យទៀតថា ក្នុងចំណោមគណបក្សនយោបាយទាំង១០នេះ នឹងធ្វើការឃោសនានៅថ្ងៃផ្សេងៗពីគ្នា។ ជាក់ស្តែង គណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមធ្វើការឃោសនារកសម្លេងឆ្នោតចំនួន២លើក ដោយលើកទី១ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដានេះ និងថ្ងៃបញ្ចប់នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ ដោយគ្រោងមានសមាជិកចូលរួម រាប់ពាន់នាក់ ដោយប្រើប្រាស់រថយន្តចំនួន១៥៣ គ្រឿង និងទោចក្រយានយន្តចំនួនជិត១ពាន់គ្រឿង៕